សមាជិកនៃក្រុមសាសនាហិណ្ឌូ នៅក្នុងទីក្រុង Chandigarh ភាគខាងជើងប្រទេសឥណ្ឌា បានចេញធ្វើបាតុកម្មក្នុងការប្រមូលផ្តុំគ្នាប្រឆាំងមេដឹកនាំបណ្តោះអាសន្នរបស់ប្រទេសបង់ក្លាដែស លោក Muhammad Yunus កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ។

ក្រុមអ្នកតវ៉ា ត្រូវបានគេមើលឃើញថា បានលើកពាក្យស្លោក និងដុតរូបសំណាករបស់ លោក Yunus ខណៈពួកគេបានដាក់កំហុសជុំវិញការកើនឡើងការវាយប្រហារដោយហិង្សា នៅទីក្រុង Dhaka ទៅលើក្រុមអ្នកកាន់សាសនាហិណ្ឌូ។
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា ឧក្រិដ្ឋជនកាលពីសប្តាហ៍មុន បានវាយបំផ្លាញរូបតំណាងទេវហិណ្ឌូ និងបានដុតបំផ្លាញប្រាសាទហិណ្ឌូ។

រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Vikram Misri បានធ្វើទស្សនកិច្ចទៅកាន់ទីក្រុង Dhaka កាលពីដើមសប្តាហ៍នេះ ជាកន្លែងដែលលោកបានជួបពិភាក្សាទ្វេភាគីជាមួយសមភាគីបង់ក្លាដែស លោក Mohammad Jashim Uddin និងបានអះអាងជាថ្មីពីជំហររបស់ទីក្រុងញូវឌេលី លើការវាយប្រហារ។
លោកបាននិយាយថា «យើង បានពិភាក្សាអំពីឧបទ្ទវហេតគួរឱ្យសោកស្តាយមួយចំនួន នៃការវាយប្រហារលើទ្រព្យសម្បត្តិ វប្បធម៌ សាសនា និងការទូត។
កាលពីខែមុន លោក Chinmoy Krishna Das ជាមេដឹកនាំសាសនាហិណ្ឌូម្នាក់ ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានទីក្រុង Dhaka លើបទចោទប្រកាន់ជាច្រើន រួមមានទាំងការបះបោរ ផងដែរ។ ក្រសួងការបរទេសបង់ក្លាដែស បានបញ្ជាក់ច្បាស់ថា រដ្ឋាភិបាលមិនជ្រៀតជ្រែកក្នុងការងាររបស់តុលាការទេ ហើយតុលាការកំពុងដោះស្រាយរឿងនេះ។