អង្គការហាមឃាត់អាវុធគីមី បានបើកកិច្ចប្រជុំបិទទ្វារនៃក្រុមប្រឹក្សាប្រតិបត្តិដែលមានសមាជិកចំនួន៤១រូបរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ដើម្បីពិភាក្សាអំពីស្ថានភាពនៅក្នុងប្រទេសស៊ីរី បន្ទាប់ពីការដួលរំលំភ្លាមៗរបស់ប្រធានាធិបតី លោក Bashar al-Assad ។

ប្រធានអង្គការឃ្លាំមើលអាវុធគីមី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងស្នើឱ្យមេដឹកនាំថ្មីរបស់ប្រទេសស៊ីរី ផ្តល់សិទ្ធិឱ្យក្រុមអ្នកស៊ើបអង្កេតចូលទៅកាន់ប្រទេសនេះ ដើម្បីបន្តការងារកំណត់អត្តសញ្ញាណអ្នកប្រព្រឹត្តការវាយប្រហារដែលបានសម្លាប់និងធ្វើឲ្យរងរបួសមនុស្សរាប់ពាន់នាក់ ក្នុងអំឡុងសង្គ្រាមស៊ីវិល។
ថ្លែងទៅកាន់សម័យប្រជុំពិសេសរបស់អង្គការហាមឃាត់អាវុធគីមី (OPCW) លោក Fernando Arias បាននិយាយថា ការិយាល័យរបស់លោក បានឃើញសញ្ញាវិជ្ជមានពីប្រទេសស៊ីរីអំពីតម្រូវការក្នុងការលុបបំបាត់នៅក្នុងប្រទេសមានអាវុធគីមី ប៉ុន្តែពុំមានសំណើផ្លូវការណាមួយត្រូវបានទទួលនៅឡើយ។
ប្រទេសស៊ីរី បានចូលរួមជាមួយអង្គការហាមឃាត់អាវុធគីមី(OPCW) ក្នុងឆ្នាំ២០១៣ ក្រោមកិច្ចព្រមព្រៀងអាមេរិក-រុស្ស៊ី ហើយបានព្រមព្រៀងលុបបំបាត់ឃ្លាំងអាវុធគីមីរបស់ខ្លួន។ ប៉ុន្តែបន្ទាប់ពីការត្រួតពិនិត្យជាងមួយទសវត្សរ៍មក ប្រទេសស៊ីរីនៅតែមានអាវុធដែលត្រូវបានហាមឃាត់ ហើយអ្នកស៊ើបអង្កេត បានរកឃើញថាអាវុធបែបនេះត្រូវបានប្រើប្រាស់ម្តងហើយម្តងទៀតដោយកងកម្លាំងរបស់ប្រធានាធិបតី Assad ក្នុងអំឡុងសង្គ្រាមស៊ីវិលរយៈពេល១៣ឆ្នាំ មកនេះ។