ក្រសួងការពារជាតិចិន នៅថ្ងៃសុក្រ (១៣ ធ្នូ) នេះបានទម្លាយភាពស្ងៀមស្ងាត់របស់ខ្លួនអំពីសកម្មភាពយោធាជាច្រើនថ្ងៃនៅជុំវិញកោះតៃវ៉ាន់ ដោយនិយាយថា នេះអាស្រ័យលើប្រទេសចិន ប៉ុណ្ណោះក្នុងការសម្រេចចិត្តថាតើត្រូវធ្វើសមយុទ្ធឬក៏អត់ ហើយព្រមានថា យោធានឹង "មិនអវត្តមាន" ក្នុងការប្រយុទ្ធប្រឆាំងនឹងកងកម្លាំងផ្ដាច់ខ្លួននោះទេ ហើយក៏មិនបន្ធូរដៃឱ្យទង្វើឯករាជ្យណាមួយដែរ។

អាជ្ញាធរជាតិតៃវ៉ាន់ កាលពីថ្ងៃចន្ទ បានបន្តការប្រុងប្រយ័ត្ន និងបើកមជ្ឈមណ្ឌលឆ្លើយតបបន្ទាន់មួយ បន្ទាប់ពីបានរាយការណ៍ពីកំណើនដ៏ធំនៃសកម្មភាពយោធារបស់ចិន ទាំងជុំវិញកោះនេះ និងកាន់តែទូលំទូលាយនៅក្នុងសមុទ្រចិនខាងកើត និងខាងត្បូង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ឆ្លើយតបនឹងសំណួរស្តីពីដំណើរនាពេលថ្មីៗនេះរបស់មេដឹកនាំតៃវ៉ាន់លោក Lai Ching-te ទៅកោះហាវ៉ៃ និងទឹកដីអាមេរិកនៃកោះហ្គាំ ហើយថាតើប្រទេសចិន បានធ្វើសមយុទ្ធឬអត់នោះ ក្រសួងការពារជាតិចិន មិនបានផ្តល់ការបញ្ជាក់ ឬបដិសេធអ្វីឡើយ។

អ្នកនាំពាក្យក្រសួងគ្រាន់តែនិយាយថា "ទោះជាធ្វើសមយុទ្ធ ឬមិនធ្វើក៏ដោយ ក៏កងទ័ពរំដោះប្រជាជនចិន នឹងមិនអវត្តមានទេ ហើយក៏មិនបន្ធូរដៃចំពោះការតស៊ូប្រឆាំងនឹងឯករាជ្យភាព និងស្វះស្វែងរកការបង្រួបបង្រួមជាតិឡើងវិញដែរ"។ ក្រសួងបន្ថែមថា ការពឹងផ្អែកលើ "កងកម្លាំងបរទេសដើម្បីស្វែងរកឯករាជ្យ" - ជាភាសាធម្មតាដែលចិនប្រើព្រមានអាមេរិក មិនឱ្យគាំទ្រតៃវ៉ាន់ - នឹងត្រូវដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ហើយនឹងត្រូវ "បំផ្លាញចោល"៕