អ្នកវិទ្យាសាស្ត្របាននិយាយនៅក្នុងរបាយការណ៍មួយចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ (១២ ធ្នូ) ថា បម្រែបម្រួលអាកាសធាតុកំពុងធ្វើឱ្យហ្វីលីពីន កាន់តែងាយរងគ្រោះទៅនឹងព្យុះត្រូពិក ខណៈកំណើនសីតុណ្ហភាព បានធ្វើឱ្យប្រទេសនេះប្រឈមនឹងហានិភ័យជិតទ្វេដងនៃព្យុះទីហ្វុងដ៏កាចសាហាវ។

ក្រុមអ្នកស្រាវជ្រាវមកពីទីភ្នាក់ងាររួមចំណែកក្នុងអាកាសធាតុ (WWA) បានលើកឡើងក្នុងរបាយការណ៍នោះថា ការកកើតឡើងដែលមិនធ្លាប់មានពីមុនមកនៃព្យុះទីហ្វុងចំនួន៤ នៅជុំវិញហ្វីលីពីន កាលពីខែមុន គឺទំនងជាមានលទ្ធភាព ៧០% ដោយសារតែកំណើនសីតុណ្ហភាពពិភពលោក ១,៣អង្សាសេ។

ទោះបីជាអ្នកវិទ្យាសាស្ត្រមានការប្រុងប្រយ័ត្នក្នុងការបញ្ជាក់ពីព្រឹត្តិការណ៍អាកាសធាតុនីមួយៗចំពោះបម្រែបម្រួលអាកាសធាតុក៏ដោយ ប៉ុន្តែការយល់ស្របជារួមនោះគឺថា មហាសមុទ្រដែលកាន់តែឡើងកម្ដៅកំពុងធ្វើឱ្យមានបញ្ហាអាកាសធាតុធ្ងន់ធ្ងរជាងធម្មតានៅជុំវិញពិភពលោក។

គួររម្លឹកថា មនុស្សរាប់សែននាក់ត្រូវបានជម្លៀស ហើយជាង ១៧០នាក់ បានស្លាប់ក្នុងអំឡុងពេលព្យុះស៊ីក្លូនត្រូពិចចំនួន៦ ជាបន្តបន្ទាប់មិនធ្លាប់មានពីមុនមក ដែលបានវាយប្រហារហ្វីលីពីន ក្នុងខែតុលា និងវិច្ឆិកា ដោយបង្កើនក្តីបារម្ភថា សកម្មភាពព្យុះកំពុងត្រូវបានជំរុញឱ្យកាន់តែខ្លាំងក្លាដោយសីតុណ្ហភាពខ្ពស់លើផ្ទៃសមុទ្រ៕