ប្រធានបុគ្គលិករបស់លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បាននិយាយនៅក្នុងបទសម្ភាសន៍មួយចាក់ផ្សាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ (១២ ធ្នូ) ថា ទីក្រុងគីវ មិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីចាប់ផ្តើមកិច្ចចរចាជាមួយរុស្ស៊ីនៅឡើយទេ ដោយសារខ្លួននៅខ្វះអាវុធ ការធានាសន្តិសុខ និងឋានៈអន្តរជាតិដែលត្រូវការ។

ការអត្ថាធិប្បាយរបស់លោក Andriy Yermak ទៅកាន់ទូរទស្សន៍រដ្ឋនេះ កើតឡើងនៅពេលលោក Zelenskiy ពិចារណាជាសាធារណៈពីលទ្ធភាពនៃកិច្ចចរចារក្នុងសង្គ្រាមជាមួយទីក្រុងមូស្គូ ដែលបានចាប់ផ្តើមក្នុងខែកុម្ភៈ ឆ្នាំ២០២២ មក។

លោក Yermak លើកឡើងថា "យើងទាន់ត្រៀមខ្លួនរួចទេ។ យើងមិនមានសព្វាវុធ មិនមានឋានៈដូចដែលយើងត្រូវការទេ ពោលគឺការអញ្ជើញចូលរួមក្នុងអង្គការណាតូ និងការធានាច្បាស់លាស់ ដើម្បីអាចប្រាកដថាលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នឹងមិនត្រលប់មកវិញក្នុងពេលពីរបីឆ្នាំបន្ទាប់"។

រុស្ស៊ី បានច្រានចោលគំនិតដែលឱ្យអ៊ុយក្រែន ក្លាយជាសមាជិកណាតូជាយូរមកហើយ ដោយលោក ពូទីន បាននិយាយថា ទីក្រុងគីវ ត្រូវតែទទួលយកការដាក់បញ្ចូលតំបន់អ៊ុយក្រែនចំនួនបួនដែលខ្លួនគ្រប់គ្រងដោយផ្នែក ដើម្បីជាថ្នូរសម្រាប់កិច្ចចរចាបញ្ចប់សង្រ្គាម៕