មន្រ្តីជាន់ខ្ពស់នៃកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ លោក ខាល ស្កាវ (Carl Skau) បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន AP នៅសប្តាហ៍នេះថា ស្ថានភាពមនុស្សធម៌ដ៏អាក្រក់ និងការកើនឡើងនៃតម្រូវការស្បៀងអាហារពីមនុស្សរាប់លាននាក់ដែលជាប់គាំង ឬគេចចេញពីជម្លោះទូទាំងពិភពលោក កាន់តែធ្ងន់ធ្ងរឡើង ជាពិសេសនៅប្រទេសស៊ីរី និងតំបន់ហ្កាហ្សា ជាទីដែលវិបត្តិ និងភាពអត់ឃ្លានកំពុងរីករាលដាល។

លោក Skau លើកឡើងថា ស៊ីរី កំពុងប្រឈមវិបត្តិផ្ទួនៗ ជាមួយនឹងភាពចម្រូងចម្រាសចេញពីសង្រ្គាមស៊ីវិលរយៈពេល ១៣ឆ្នាំ ការកើនឡើងនៃជនភៀសខ្លួនចូលក្នុងប្រទេសពីសង្រ្គាមអ៊ីស្រាអែល និងក្រុមហេសបូឡា នៅលីបង់ ហើយពេលនេះក្រុមឧទ្ទាមបានទម្លាក់មេដឹកនាំដ៏យូរអង្វែងគឺលោក Bashar Assad។

ភាពស្មុគស្មាញទាំងអស់នេះបានធ្វើឱ្យប្រជាជនស៊ីរី រាប់លាននាក់ធ្លាក់ចូលក្នុងវិបត្តិកាន់តែជ្រៅ បន្ថែមពីលើទុក្ខលំបាកសេដ្ឋកិច្ចដែលមានស្រាប់។

លោក Skau បន្តថា ស្ថានភាពមនុស្សធម៌នៅតំបន់ហ្កាហ្សាវិញគឺធ្ងន់ធ្ងរទាំងភាគខាងជើង និងពីភាគខាងត្បូង ដោយសារតែមនុស្សរាប់លាននាក់កំពុងតែរស់នៅលើឆ្នេរភាគខាងជើងនៃទីក្រុង ខាន់យូនីស (Khan Younis) នៅពេលដែលរដូវរងាកាន់លេចរូបរាង ហើយមនុស្សជាង ២លាននាក់ប្រឈមវិបត្តិស្បៀងអាហារ និងភាពអត់ឃ្លានធ្ងន់ធ្ងរ៕