ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump បាននិយាយថា «អ្វីៗក៏អាចកើតឡើងបានដែរ» នៅពេលត្រូវបានសួរអំពីហានិភ័យនៃការមានសង្រ្គាមជាមួយប្រទេសអ៊ីរ៉ង់ ក្នុងអាណត្តិបន្ទាប់របស់លោក នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្ដី Time ស្របពេលដែលលោកត្រូវបានដាក់ឈ្មោះថា ជាបុគ្គលប្រចាំឆ្នាំរបស់ទស្សនាវដ្តីនេះ។
មុនពេលនិយាយថា លោកគិតថា រឿងគ្រោះថ្នាក់បំផុតដែលកំពុងកើតមាន នាពេលនេះ គឺការបាញ់មីស៊ីលរបស់អ៊ុយក្រែនចូលទៅក្នុងប្រទេសរុស្ស៊ី ដែលលោកបានលើកឡើងថា គឺជាការកើនឡើងនូវភាពតានតឹងដ៏ធំនោះ លោក Trump បានប្រាប់ថា៖ «អ្វីគ្រប់យ៉ាងអាចកើតឡើងបាន។ អ្វីៗគ្រប់យ៉ាងអាចកើតឡើងគ្រប់ពេល។ នេះជាស្ថានភាពងាយប្រែប្រួលណាស់»។
គួរបញ្ជាក់ថា បើយោងតាមរដ្ឋាភិបាលសហរដ្ឋអាមេរិក បានឲ្យដឹងថា នៅមុននេះ លោក Trump បានគំរាមអ៊ីរ៉ង់ដែលកងកម្លាំងវរជនរបស់ខ្លួន គឺកងឆ្មាំបដិវត្តន៍អ៊ិស្លាម (IRGC) បានព្យាយាមធ្វើឃាតរូបលោក។ អ៊ីរ៉ង់បានបដិសេធការអះអាងនេះ។
អំឡុងអាណត្តិដំបូងរបស់លោក នៅក្នុងឆ្នាំ២០២០ លោក Trump បានបញ្ជាឲ្យមានការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក ដែលបានសម្លាប់មេបញ្ជាការយោធាជាន់ខ្ពស់របស់អ៊ីរ៉ង់ គឺលោក Qassem Soleimani។
លោក Trump ក្នុងឆ្នាំ២០១៨ ក៏បានប្រកាសលែងទទួលស្គាល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលត្រូវបានធ្វើឡើងដោយអ្នកកាន់តំណែងមុនរបស់លោក គឺលោក Barack Obama ក្នុងឆ្នាំ២០១៥ ហើយបានដាក់ឡើងវិញទាំងអស់នូវទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ដែលត្រូវបានបន្ធូរបន្ថយ។ កិច្ចព្រមព្រៀងនេះបានកំណត់សមត្ថភាពរបស់អ៊ីរ៉ង់ ក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ជាដំណើរការមួយដែលអាចផ្តល់ទិន្នផលសារធាតុអាតូមិក សម្រាប់អាវុធនុយក្លេអ៊ែរ៕