នៅថ្ងៃសុក្រនេះ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានតែងតាំងលោក Francois Bayrou ជានាយករដ្ឋមន្រ្តីទី ៣របស់លោកសម្រាប់ឆ្នាំ ២០២៤នេះ ដើម្បីប្រគល់ភារកិច្ចជូនអ្នកនិយមកណ្តាលជើងចាស់ម្នាក់នេះ ឲ្យកាច់ចង្កូតប្រទេសរបស់លោកចេញពីវិបត្តិនយោបាយធំលើកទី ២ ក្នុងរយៈពេល ៦ខែចុងក្រោយ ។
លោក Bayrou ជំនួសលោក Michel Barnier ដែលបានលាលែងពីតំណែងកាលពីសប្តាហ៍មុន ក្រោយក្រុមតំណាងរាស្រ្តនិយមស្តំា និងនិយមឆ្វេង បោះឆ្នោតផ្តួលរំលំរដ្ឋាភិបាល ធ្វើឲ្យបារាំងធ្លាក់ទៅក្នុងវិបត្តិនយោបាយធំ ក្នុងរយៈពេល ៦ខែកន្លងមកនេះ ។
អាទិភាពសម្រាប់លោក Bayrou ដែលជាសម្ព័ន្ធមិត្តជិតស្និតរបស់លោក Macron គឺត្រូវអនុម័តច្បាប់ពិសេស ដើម្បីអនុញ្ញាតឲ្យមានថវិកាជាតិឆ្នាំ ២០២៤ ដោយមានតតាំងខ្លាំងក្លាជាងមុន លើច្បាប់ឆ្នាំ ២០២៥ដែលនឹងលេចចេញជារូបរាងឡើងនៅដើមឆ្នាំក្រោយ ។
ការរុញច្រានរបស់សភាចំពោះសំណើច្បាប់ ២០២៥ នាំឲ្យមានការដួលរលំរដ្ឋាភិបាលរបស់លោកអតីតនាយករដ្ឋមន្រ្តី Michel Barnier ។
លោក Bayrou វ័យ ៧៣ឆ្នាំ ត្រូវបានគេរំពឹងថា នឹងដាក់ចេញបញ្ជីឈ្មោះរដ្ឋមន្រ្តីក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ប៉ុន្តែលោកទំនងជាប្រឈមនឹងការលំបាកអត្ថិរភាពដូចគ្នានឹងលោក Barnier ដែរ ក្នុងការកាច់ចង្កូតច្បាប់ ឆ្លងកាត់សភាគ្មានសំឡេងភាគច្រើន ដែលមានប្លុកប្រឆាំងចំនួន ៣ ។
ដោយឡែក ភាពជិតស្និតរបស់លោកជាមួយលោក Macron ដែលធ្លាក់ប្រជាប្រិយភាពខ្លាំងទៅហើយនោះ បង្ហាញពីភាពងាយរងគ្រោះផងដែរ ៕



