សម្ព័ន្ធអារ៉ាប់ (AL) បានអនុម័តសេចក្តីសម្រេចមួយ ដែលថ្កោលទោសការលុកលុយយោធារបស់អ៊ីស្រា អែល ចូលទៅក្នុងតំបន់ទ្រនាប់របស់ប្រទេសស៊ីរី និងទីតាំងជាប់ៗគ្នា បន្ទាប់ពីកិច្ចប្រជុំបន្ទាន់ដែលផ្តួចផ្តើមដោយអេហ្ស៊ីប។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសអេហ្ស៊ីប កាលពីថ្ងៃសុក្រ។
ក្រសួងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចប្រជុំបន្ទាន់នេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបង្កើតជំហរអារ៉ាប់រួមមួយ លើការពង្រីកការកាន់កាប់របស់អ៊ីស្រាអែល នៅក្នុងតំបន់ខ្ពង់រាប Golan Heightsដែលអ៊ីស្រាអែលបានដាក់ជាឧបសម្ព័ន្ធរបស់ខ្លួន ដែលសម្ព័ន្ធអារ៉ាប់បានពិពណ៌នាថា ជាការរំលោភលើកិច្ចព្រមព្រៀងដកខ្លួនចេញពីតំបន់នេះឆ្នាំ ១៩៧៤។
សេចក្តីថ្លែងការណ៍បានបន្ថែមថា សេចក្តីសម្រេចរបស់ AL បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងដកខ្លួនចេញនេះ នៅតែមានប្រសិទ្ធភាពតាមសេចក្តីសម្រេចលេខ ៣៥០ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយមិនរងផលប៉ះពាល់ពីភាពចលាចលនយោបាយនៅស៊ីរីឡើយ។
សេចក្តីសម្រេចនេះ បានជំរុញឲ្យមានសម្ពាធអន្តរជាតិលើអ៊ីស្រាអែល ឲ្យគោរពតាមសេចក្តីសម្រេចលេខ ៤៩៧ របស់អង្គការសហប្រជាជាតិ ក្នុងឆ្នាំ ១៩៨១ ដែលចែងថា ការអនុវត្តសិទ្ធិអធិបតេយ្យភាពរបស់ អ៊ីស្រាអែល នៅតំបន់ Golan Heights គឺ «ចាត់ទុកជាមោឃៈ»។ អង្គការអារ៉ាប់ដែលមានមូលដ្ឋាន នៅទីក្រុងគែរ ក៏បានទាមទារឲ្យអ៊ីស្រាអែលដកខ្លួនចេញពីទឹកដីស៊ីរី ដែលខ្លួនបានគ្រប់គ្រងនេះ។