ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានកំពុងពន្លឿន និងបានរៀបចំឯកសារលិខិតស្នាមពាក់ព័ន្ធផ្សេងៗ លើពាក្យបណ្តឹង បញ្ជូនទៅតុលាការឥណ្ឌូនេស៊ីបន្ថែម ដើម្បីទាមទារប្រេងឆៅត្រឡប់មកវិញ លើករណីការលួចប្រេងឆៅរបស់កម្ពុជា នាកាលកន្លងមកនេះ។
ពាក់ព័ន្ធករណីការលួចប្រេងឆៅរបស់កម្ពុជា កាលពីខែ មិថុនា ឆ្នាំ២០២១ កន្លងមកនេះ បន្ទាប់ពីអាជ្ញាធរប្រទេសឥណ្ឌូនេស៊ី បានឃាត់កប៉ាល់ និងនាវិកដែលដឹកប្រេងកាលពីថ្ងៃទី ២៥ ខែសីហានោះ រដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការជាអន្តរក្រសួងរួមមាន ៖ ក្រសួងរ៉ែ និងថាមពល ក្រសួងយុត្តិធម៌ និងក្រសួងកាបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា គឺបានពន្លឿនការចរចរជាមួយអាជ្ញាធរកណ្តាលប្រទេសឥណ្ឌូនេស៊ី ដើម្បីស្នើរសុំបញ្ជូនទាំងប្រេង នាវា និងនាវិកទាំងនោះមកកាន់កម្ពុជា ដើម្បីដោះស្រាយបញ្ហាទាំងនេះទៅតាមផ្លូវច្បាប់។
ក្រសួងរ៉ែ និងថាមពល កាលពីពេលថ្មីៗនេះ បានរៀបចំលិខិតស្នាម និងឯកសារពាក់ព័ន្ធផ្សេងៗនៅលើសុំណុំរឿងបណ្តឹង បញ្ជូនទៅតុលាការប្រទេសឥណ្ឌូនេស៊ីបន្ថែមទៀត តបតាមការសំណើរសុំនៃភាគីប្រទេសឥណ្ឌូនេស៊ី ដើម្បីទាមទារយកប្រេងឆៅរបស់កម្ពុជាត្រឡប់មកវិញ ។
ចំណែកពាក់ព័ន្ធក្រុមហ៊ុន KrisEnergy វិញ, នាពេលកន្លងមកនេះ ឯកឧត្តម ជៀប សួរ អ្នកនាំពាក្យ និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត បានថ្លែងថា ក្រសួងរ៉ែ និងថាមពល បានចេញលិខិតព្រមានដល់ក្រុមហ៊ុន KrisEnergy រួចហើយ ក្នុងករណីធ្វេសប្រហែស ដែលបណ្តោយឲ្យក្រុមនាវិកទាំងនោះលួចទាំងប្រេង និងកប៉ាល់ ដោយគ្មានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះក្រសួងក៏បានស្នើរឲ្យក្រុមហ៊ុនមេ របស់ក្រុមហ៊ុន KrisEnergy ចេញមុខធ្វើការទូទាត់សំណង ដូចជា ប្រេង និងបំណុលហិរញ្ញវត្ថុមួយចំនួន ដែលក្រុមហ៊ុនបានជំពាក់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងថា ក្រុមហ៊ុន KrisEnergy បានប្រកាសក្ស័យធុនលើការធ្វើអាជីវកម្មរបស់ខ្លួន ប៉ុន្តែក្រុមហ៊ុន KrisEnergy គឺមិនទាន់បានដោះស្រាយចប់សព្វគ្រប់នៅឡើយ ។ បើយោងតាមផ្លូវច្បាប់ ក្រសួង នឹងដកអាជ្ញារបណ្ណពីក្រុមហ៊ុននោះមកវិញ ដើម្បីស្វែងរកអ្នកវិនិយោគថ្មីជាបន្ត ៕
អត្ថបទ៖ សុន រ៉ាឌី
