ក្រសួងការពារជាតិរបស់ប្រទេសអាហ្រ្វិក នីហ្សេ បាននិយាយកាលពីថ្ងៃអាទិត្យ (១៥ ធ្នូ) ថា ក្រុមសកម្មប្រយុទ្ធជីហាដ សង្ស័យថាបានសម្លាប់ជនស៊ីវិលចំនួន ៣៩នាក់ រួមទាំងស្ត្រី និងកុមារ នៅក្នុងការវាយប្រហារពីរដាច់ដោយឡែកពីគ្នា នៅក្នុងតំបន់ព្រំដែនដែលហែកហួរដោយជម្លោះរបស់នីហ្សេ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។

ក្រសួងលើកឡើងថា ជនវាយប្រហារទាំងនោះបានវាយលុកសហគមន៍ កូកូរូ (Kokorou) និង លីប៊ីរី (Libiri) ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីកាលបរិច្ឆេទនៃការបង្ហូរឈាមនោះទេ។

នីហ្សេ និងបណ្ដាប្រទេសជិតខាងរបស់ខ្លួននៅក្នុងតំបន់សាហែល នៃអាហ្វ្រិកខាងលិច គឺប្រទេសម៉ាលី និងបួរគីណាហ្វាសូ ស្ថិតនៅជួរមុខនៃសមរភូមិដ៏ក្ដៅគគុកដើម្បីទប់ស្កាត់ការគំរាមកំហែងពីក្រុមបះបោរដែលបានកើនឡើងជាលំដាប់ចាប់តាំងពីឆ្នាំ២០១២មក នៅពេលពួកយុទ្ធជនពាក់ព័ន្ធនឹងក្រុមអាល់កៃដា បានវាយដណ្តើមយកផ្នែកខ្លះនៃប្រទេសម៉ាលី ជាលើកដំបូង៕
