ដូចការគ្រោងទុក នាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក មួយគ្រឿង ឈ្មោះ USS SAVANNAH (LCS 28) ដែលមាននាវិកចំនួន១០៣ នៅព្រឹកថ្ងៃទី ១៦ ខែធ្នូនេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុហើយ ខណៈការចូលសំចតនេះគឺមានរយៈពេល៥ថ្ងៃគឺចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។
ការចូលចតជាថ្មីរបស់នាវាអាម៉េរិកលើដែនសមុទ្រកម្ពុជានេះ គឺបន្ទាប់ពីអាក់ខានជាច្រើនឆ្នាំមកហើយ ដោយក្រសួងការពារជាតិកម្ពុជា បានអះអាងថាការចូលសំចតនាវារបស់អាម៉េរិកនេះ ក្នុងគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាព ក៏ដូចជាការលើកកម្ពស់នៃកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងកម្ពុជា និងអាម៉េរិក។
បើតាមផេកហ្វេសបុកផ្លូវការរបស់កងទ័ពជើងទឹកកម្ពុជា បានឲ្យដឹងថានាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក ដែលបានធ្វើដំណើរមកដល់កម្ពុជានៅថ្ងៃនេះ គឺមានការទទួលដោយផ្ទាល់ដោយលោកវរនាវីឯក មាន សាវឿន មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម ក្នុងនាមកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម អមជាមួយការចូលរួមពីអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តព្រះសីហនុផងដែរ។
តាមការគ្រោងទុកក្នុងអំឡុងពេល៥ថ្ងៃ នៃការចូលសំចតនៅកំពង់ផែ ខេត្តព្រះសីហនុនេះ គណៈប្រតិភូអាម៉េរិកគ្រោងជួបពិភាក្សាការងារជាមួយមេបញ្ជាការមូលដ្ឋានសមុទ្ររាម និងថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ ហើយក្រុមនាវិករបស់នាវាចម្បាំងសហរដ្ឋអាម៉េរិក និងកងទ័ពជើងទឹកកម្ពុជានឹងចូលរួមកម្មវិធីប្រកួតកីឡាមិត្តភាព ដើម្បីលើកកម្ពស់ភាពស្និទ្ធស្នាល និងការសាមគ្គីគ្នាជាក្រុមផងដែរ៕
អត្ថបទបាន ចក់រូបភាព ពីសមុទ្ររាម








