បណ្ដាប្រទេសបរទេសបានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ កាលពីថ្ងៃអាទិត្យ (ទី១៥ ខែធ្នូ) ដើម្បីបង្កើតទំនាក់ទំនងជាមួយមេដឹកនាំបណ្តោះអាសន្នរបស់ប្រទេសស៊ីរី ពោលគឺមួយសប្តាហ៍បន្ទាប់ពីក្រុមឧទ្ទាមដឹកនាំដោយក្រុមអ៊ិស្លាមនិយម បានជំរុញឲ្យប្រធានាធិបតី លោក Bashar al-Assad ភៀសខ្លួនទៅទីក្រុងមូស្គូ ដោយព្រឹត្តិការណ៍នេះត្រូវបានចាត់ទុកថា ជាការបញ្ចប់ការគ្រប់គ្រងដ៏ឃោរឃៅជាច្រើនទសវត្សរ៍។
បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការ នៅស៊ីរី គឺលោក Geir Pedersen ស្ថិតក្នុងចំណោមបុគ្គលដែលបានទៅដល់រដ្ឋធានីរបស់ស៊ីរី។ លោកបាននិយាយនៅឯទីក្រុងដាម៉ាសថា៖ «ប្រាកដណាស់ យើងត្រូវការឃើញយុត្តិធម៌ និងការទទួលខុសត្រូវ ចំពោះអំពើឧក្រិដ្ឋកម្ម។ ហើយយើងត្រូវធ្វើឲ្យប្រាកដថា ការប្រព្រឹត្តិទាំងនោះឆ្លងកាត់ប្រព័ន្ធយុត្តិធម៌គួរឲ្យទុកចិត្តបាន ហើយធ្វើឲ្យប្រាកដថា យើងនឹងមិនឃើញការសងសឹកណាមួយកើតឡើងឡើយ»។ ជាមួយគ្នានេះ លោក Pedersen បានអំពាវនាវឲ្យមានការផ្ដល់ «ជំនួយច្រើន និងបន្ទាន់» ដល់ប្រទេសស៊ីរីដែលរងការបំផ្លិចបំផ្លាញដោយសង្រ្គាម ដោយនិយាយថា ប្រទេសនេះបានជួបប្រទះនឹង «វិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ»។ ហើយតាមរយៈបណ្តាញ Telegram របស់ខ្លួន ពួកឧទ្ទាមបានឲ្យដឹងថា ក្រោយមក បេសកជនរូបនេះ បានជួបជាមួយមេដឹកនាំក្រុមឧទ្ទាម លោក Abu Mohammed al-Jolani។
ចំណែកគណៈប្រតិភូកាតាក៏បានទៅដល់ប្រទេសស៊ីរីដែរ ដើម្បីជួបជាមួយមន្ត្រីរដ្ឋាភិបាលអន្តរកាល។ អ្នកនាំពាក្យក្រសួងការបរទេសរបស់កាតា បានប្រាប់ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប្រទេសកាតាថា ពួកគេ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់រដ្ឋប្រឈូងសមុទ្រពែក្សក្នុងការគាំទ្រប្រជាជនស៊ីរី។ ខុសពីប្រទេសអារ៉ាប់ផ្សេងទៀត កាតាមិនដែលស្តារទំនាក់ទំនងជាមួយស៊ីរីឡើយ ក្រោមការដឹកនាំរបស់លោក Assad។ កាលពីថ្ងៃទី១៤ ខែធ្នូ ប្រទេសទួរគី ដែលជាតួអង្គសំខាន់ ក្នុងជម្លោះស៊ីរី ដែលកំពុងមានការប្រែប្រួលយ៉ាងខ្លាំង នៅភាគពាយព្យ បានបើកស្ថានទូតរបស់ខ្លួនឡើងវិញ ក្រោយរយៈពេល ១២ឆ្នាំ។ ហើយរដ្ឋមន្ត្រីការបរទេសអង់គ្លេស បាននិយាយថា ទីក្រុងឡុងដ៍បានបង្កើតទំនាក់ទំនងការទូតជាមួយក្រុមឧទ្ទាម Hayat Tahrir al-Sham (HTS) ជាក្រុមដឹកនាំការវាយវាយលុក រហូតដល់បានទម្លាក់លោក Assad ចេញពីអំណាច។
នៅថ្ងៃទី១៤ ខែធ្នូ អ្នកការទូតជាន់ខ្ពស់របស់ទីក្រុងវ៉ាស៊ីនតោន គឺរដ្ឋមន្ត្រីក្រសួងការបរទេសលោក Antony Blinken បាននិយាយថា ប្រទេសរបស់លោកបានទាក់ទងដោយផ្ទាល់ជាមួយក្រុម HTS ទោះបីជាបានចាត់ទុកក្រុមនេះជាភេរវករ នៅឆ្នាំ២០១៨ ក៏ដោយ។ រីឯរដ្ឋមន្ត្រីការបរទេសស្តីទី លោក Jean-Noel Barrot បានប្រាប់ថា ប្រទេសបារាំង បានឲ្យដឹងថា ក្រុមការទូតដ៏រឹងមាំចំនួន ៤ក្រុម នឹងទៅដល់ទីក្រុងដាម៉ាស នៅថ្ងៃទី១៧ ខែធ្នូ ដើម្បី «កាន់កាប់អចលនទ្រព្យរបស់យើងឡើងវិញ» ក៏ដូចជា «បង្កើតទំនាក់ទំនងដំបូង» ជាមួយអាជ្ញាធរថ្មីផងដែរ៕