អាជ្ញាធរស៊ើបការណ៍សម្ងាត់របស់ទីក្រុងគីវ បាននិយាយថា ទាហានរុស្ស៊ី និងកូរ៉េខាងជើង ប្រហែល ២០០នាក់ ត្រូវបានគេប៉ាន់ប្រមាណថា ត្រូវបានសម្លាប់ ខណៈពេលដែលការប្រយុទ្ធគ្នា នៅក្នុងអង្គភាពរួមគ្នា ប្រឆាំងនឹងកងកម្លាំងអ៊ុយក្រែន ដោយមិនបានបញ្ជាក់ពីចំនួនអ្នកស្លាប់ និងរបួសសម្រាប់ភាគីនីមួយៗ នោះទេ។
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិអ៊ុយក្រែន (DIU) បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយថ្ងៃសៅរ៍ (ម៉ោងក្នុងតំបន់) ដោយបញ្ជាក់ថា ទាហានកូរ៉េខាងជើង ត្រូវបានចល័តសម្រាប់ប្រតិបត្តិការវាយលុក ដែលជាផ្នែកមួយនៃអង្គភាពរួមបញ្ចូលគ្នានៃកងម៉ារីនរុស្ស៊ី និងកងទ័ពអាកាស។
ដោយអះអាងថា ទាហានកូរ៉េខាងជើង បានរង«ការខាតបង់ដែលមិនអាចត្រឡប់វិញបាន» ពីការវាយប្រហាររបស់អ៊ុយក្រែន ទីភ្នាក់ងារស៊ើបការណ៍ DIU បាននិយាយថា របាំងភាសា គឺជាបញ្ហាសម្រាប់ អង្គភាពរួមរបស់រុស្ស៊ី និងកូរ៉េខាងជើង ក្នុងប្រតិបត្តិការសម្របសម្រួល។
ដោយសារតែបញ្ហានេះ ទាហានកូរ៉េខាងជើង បាន«បាញ់ច្រឡំ»ទៅលើរថយន្តនៃកងវរសេនាតូច Ahmat ។ ជាលទ្ធផល ពួកគេ បានសម្លាប់ទាហានរុស្ស៊ី ៨នាក់ ដោយសំដៅទៅលើយុទ្ធជន Chechen។
យោធាអ៊ុយក្រែន ក៏បានបញ្ចេញរូបថត និងវីដេអូនៃអ្វីដែលហាក់ដូចជាទាហានកូរ៉េខាងជើងរាប់សិបនាក់ត្រូវបានសម្លាប់ រួមជាមួយនឹងទាហានរុស្ស៊ី នៅក្នុងតំបន់ព្រំដែនឃើស( Kursk) ភាគខាងលិចរបស់ រុស្ស៊ី។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន។