រដ្ឋាភិបាលកោះប៉ាស៊ីហ្វិក នៅថ្ងៃចន្ទ (ទី១៦ ខែធ្នូ) នេះ បានឲ្យដឹងថា ភ្ញៀវចំនួន ៧នាក់ ដែលបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីបានផឹកស្រាក្រឡុក នៅឯសណ្ឋាគារប្រណីត ក្នុងប្រទេសហ្វីជី ដោយក្នុងនោះមានជនជាតិអូស្ត្រាលី ៤នាក់ និងជនជាតិអាមេរិកម្នាក់ផងដែរនោះ ឥឡូវនេះ ស្ថិតក្នុងស្ថានភាពធម្មតាវិញហើយ។
បើតាមក្រសួងសុខាភិបាលហ្វីជី បានឲ្យដឹងថា ភ្ញៀងទាំង ៧នាក់នោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ កាលពីយប់ថ្ងៃទី១៤ ខែធ្នូ ដោយមានអាការ «រមួល ក្អួតចង្អោរ និងមានអារម្មណ៍រវើរវាយ»។
ក្រសួងបានឲ្យដឹងទៀតថា ពួកគេបានធ្លាក់ខ្លួនឈឺ បន្ទាប់ពីផឹកស្រាក្រឡុក នៅបារ៍មួយ ក្នុងរមណីយដ្ឋានលំដាប់ផ្កាយ៥ Warwick Fiji នៅលើឆ្នេរ Coral មានចម្ងាយប្រហែល ៧០គីឡូម៉ែត្រ នៅភាគខាងលិចនៃរដ្ឋធានី Suva។
សេចក្តីថ្លែងការណ៍រួមរបស់ក្រសួងទេសចរណ៍ និងសុខាភិបាលរបស់ប្រទេសហ្វីជី បានបញ្ជាក់ថា៖ «យើងសូមធានាឡើងវិញថា ស្ថានភាពរបស់ពួកគេ នៅព្រឹកនេះ មានស្ថិរភាព ហើយយើងសង្ឃឹមថា ស្ថានភាពរបស់ពួកគេ នឹងបន្តប្រសើរឡើងថែមទៀត»។
សេចក្តីថ្លេងការណ៍នេះ បានបញ្ជាក់បន្ថែមថា អ្នកទេសចរជិតមួយលាននាក់ ទៅលេងប្រទេសហ្វីជីជារៀងរាល់ឆ្នាំ ដោយសង្កត់ធ្ងន់ថា ទេសចរណ៍នៅក្នុងប្រទេស គឺ «ជាធម្មតាមានសុវត្ថិភាពណាស់»៕