ការស៊ើបអង្កេតរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ រកឃើញថា របបសឹកគ្រប់គ្រងមីយ៉ាន់ម៉ា បានគាបសង្កត់ព័ត៌មានពីវិបត្តិស្បៀងអាហារធ្ងន់ធ្ងរដែលញាំញីប្រទេសមួយនេះ តាមរយៈការដាក់សំពាធលើក្រុមអ្នកស្រាវជ្រាវពុំឲ្យប្រមូលទិន្នន័យពីការស្រេកឃ្លាន ហើយក្រុមការងារជំនួយ មិនឲ្យចុះផ្សាយការរកឃើញរបស់ពួកគេជាដាច់ខាត ។
យោងតាមការអះអាងរបស់មនុស្សដែលដឹងរឿងនេះច្បាស់ បានឲ្យដឹងថា នៅក្នុងសន្ទនារយៈពេលជាង ២ឆ្នាំកន្លងមកនេះ ក្រុមតំណាងរបបសឹកមីយ៉ាន់ម៉ា បានព្រមានក្រុមមន្រ្តីជំនួយជាន់ខ្ពស់ មិនឲ្យបញ្ចេញទិន្នន័យ និងការវិភាគដែលបង្ហាញថា មនុស្សរាប់លាននាក់នៅមីយ៉ាន់ម៉ា ជួបភាពស្រេកឃ្លានធ្ងន់ធ្ងរ ។

នៅក្នុងសញ្ញានៃព័ត៌មានរសើបជុំវិញទិន្នន័យនេះ ក្រុមឃ្លាំមើលភាពស្រេកឃ្លានឈានមុខគេរបស់ពិភពលលោក គឺក្រុមចាត់ថ្នាក់ដំណាក់កាលសន្តិសុខស្បៀងរួមបញ្ចូលគ្នា(IPC) បានដកការវាយតម្លៃកូដពណ៌របស់ពួកគេស្តីពីមីយ៉ាន់ម៉ា ចេញពីផែនទីសាកល នៅលើគេហទំព័ររបស់ពួកគេ ជាទីដែលវាបង្ហាញកម្រិតភាពស្រេកឃ្លាននៅតាមប្រទេសជាច្រើន ។ ការដកចេញបែបនេះ គឺដោយសារក្តីបារម្ភចំពោះសុវត្ថិភាពក្រុមអ្នកស្រាវជ្រាវរបស់ពួកគេ ។
នៅក្នុងចំណាត់ការមួយទៀត ដើម្បីការពារក្រុមប្រមូលទិន្នន័យ និងការវិភាគពីរបបសឹកមីយ៉ាន់ម៉ា IPC ពុំដែលប្រកាសជាសាធារណៈនូវការវិភាគលម្អិតចំនួន ៣របស់ពួកគេនោះទេ ដែលបង្ហាញថា ប្រទេសនៅអាស៊ីអាគ្នេយ៍ដែលហែកហួរដោយសារភ្លើងសង្រ្គាមមួយនេះ ប្រឈមនឹងវិបត្តិមួយក្នុងចំណោមវិបត្តិស្បៀងអាហារដ៏អាក្រក់បំផុតនៅលើផែនដី ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បាននិយាយទៅកាន់ក្រុមការងារជំនួយជាង ៣០នាក់ ក្រុមអ្នកស្រាវជ្រាវ និងក្រុមមន្រ្តីការទូត និងក្រុមមន្រ្តីអង្គការសហប្រជាជាតិ(UN)ពីការស្រេកឃ្លាននៅមីយ៉ាន់ម៉ា ។ ភាគច្រើននៃពួកគេ បដិសេធន៍ពុំនិយាយពីកំណត់ហេតុ ដោយពួកគេនិយាយថា ពួកគេខ្លាចការសងសឹកពីយោធាមីយ៉ាន់ម៉ា ។
មីយ៉ាន់ម៉ា បានស្ថិតក្នុងស្ថានភាពចលាចល ចាប់តាំងពីយោធាទម្លាក់អំណាច់របស់រដ្ឋាភិបាលឈ្នះឆ្នោត កាលពីឆ្នាំ ២០២១ បង្កឲ្យមានបាតុកម្មទ្រង់ទ្រាយធំ ប្រែក្លាយជាការបះបោរប្រដាប់អាវុធនៅតាមសមរភូមិជាច្រើនមុខ ៕

