នគរបាលបានប្រាប់ឲ្យដឹងថា មនុស្ស ១២នាក់ បានបាត់បង់ជីវិត ដោយសារពុលសារធាតុកាបូនម៉ូណូអុកស៊ីត នៅឯរមណីយដ្ឋានជិះស្គី ក្នុងប្រទេសហ្សកហ្ស៊ី។
យោងតាមមន្ត្រី បានឲ្យដឹងថា សពជនបរទេស ១១នាក់ និងជនជាតិហ្សកហ្ស៊ីម្នាក់ ត្រូវបានរកឃើញដេកស្លាប់នៅលើភោជនីយដ្ឋានមួយ នៅ Gudauri ដែលជារមណីយដ្ឋានជិះស្គីដ៏ធំបំផុត និងខ្ពស់បំផុត នៅអតីតរដ្ឋសូវៀត។
ទីភ្នាក់ងារព័ត៌មានសារព័ត៌មាន AFP បានរាយការណ៍ថា នគរបាលបានប្រាប់ថា «ការធ្វើតេស្តបឋមមិនបង្ហាញនូវដានពីការមានអំពើហិង្សាលើសាកសពទាំងនោះទេ» ហើយវាទំនងជាគ្រោះថ្នាក់។ មន្ត្រីបានបន្ថែមថា ម៉ាស៊ីនភ្លើងដើរដោយប្រេងមួយត្រូវបានបញ្ឆេះឲ្យដំណើការ បន្ទាប់ពីអគារនេះបានដាច់ចរន្តអគ្គិសនី កាលពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងមក។
សពទាំងនោះត្រូវបានរកឃើញកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក នៅលើជាន់ទី២ នៃអគារមួយ ដែលមានភោជនីយដ្ឋានឥណ្ឌា នៅទីនោះ។ អាជ្ញាធរបានបើកការស៊ើបអង្កេតលើឧបទ្ទវហេតុនេះ ហើយអត្តសញ្ញាណជនរងគ្រោះមិនទាន់ត្រូវបានបញ្ចេញឱ្យដឹងនៅឡើយទេ។
គួរបញ្ជាក់ថា រមណីដ្ឋាន Gudauri គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយ សម្រាប់អ្នកចូលចិត្តជិះស្គី និងជិះស្គីលើទឹកកក ដោយមានសកម្មភាពកីឡារដូវរងាជាច្រើន សម្រាប់អ្នកទៅលេងកម្សាន្តគ្រប់កម្រិត ពោលគឺតាំងពីអ្នកចេះជិះដំបូង រហូតដល់ជំនាញខ្លាំងបំផុត៕

