
នៅថ្ងៃចន្ទនេះ ជនប៉ាឡេស្ទីននៅទីក្រុង Khan Younis តំបន់ហ្កាហ្សា បានពិនិត្យមើលកម្ទេចកម្ទីសេសសល់ពីការវាយប្រហាររបស់អ៊ីស្រាអែលដែលត្រូវចំសាលារៀនធ្វើជាជម្រកស្នាក់នៅបណ្តោះអាសន្ន កាលពីថ្ងៃអាទិត្យ ។
លោក Dalia Naeem គឺជាពលរដ្ឋជម្លៀសខ្លួនហ្កាហ្សាមួយរូប និយាយថា ពេលដែលពួកគេទម្លាក់គ្រាប់បែក សូមឲ្យពួកគេទម្លាក់គ្រាប់បែកលើពួកយើងទាំងអស់គ្នាតែម្តងទៅ ដើម្បីឲ្យពួកយើងទាំងអស់គ្នាស្លាប់រួមគ្នា គឺវាប្រសើរជាជាង ។ ពួកយើងហត់នឿយណាស់ វាល្មមគ្រប់គ្រាន់ហើយ ពួកយើងពិតជាហត់ខ្លាំងមែន ។
ក្រុមមន្រ្តីសុខភាពហ្កាហ្សា បាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្សយ៉ាងហោច ២០នាក់ រួមទាំងកុមារផងដែរ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើសាលារៀនធ្វើជាទីជម្រកបណ្តោះអាសន្ន នៅទីក្រុង Khan Younis ស្ថិតនៅតំបន់ភាគខាងត្បូងហ្កាហ្សា ។
យោធាអ៊ីស្រាអែល និយាយនៅថ្ងៃចន្ទនេះថា ពួកគេវាយប្រហារក្រុមជីវពលហាម៉ាស់ដែលប្រតិបត្តិការនៅបរិវេននោះ ដែលកាលពីមុនគឺជាសាលារៀនគ្រប់គ្រងដោយអង្គការសហប្រជាជាតិ ។
ពួកគេបាននិយាយផងដែថា ទីនោះគឺជាជំរំហ្វឹកហាត់ដើម្បីត្រៀម និងរៀបចំផែនការវាយប្រហារកងកម្លាំងអ៊ីស្រាអែល ។
យោងតាមការអះអាងរបស់ក្រុមអាជ្ញាធរនៅតំបន់ហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស់ បានឲ្យដឹងថា ការវាយប្រហារតាមច្រកអាកាស និងជើងគោករបស់អ៊ីស្រាអែល បានសម្លាប់មនុស្សជិត ៤៥.០០០នាក់ ដែលភាគច្រើននៃពួកគេគឺជាជនស៊ីវិល ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣រហូតមក ៕