សភាជាតិរបស់ប្រទេសបារាំង ដែលជាសភាជាន់ទាប បានអនុម័តកាលពីថ្ងៃចន្ទ (១៦ ធ្នូ) នូវច្បាប់ពិសេសមួយក្នុងការបន្តប្រើថវិកាឆ្នាំ២០២៤ ដែលត្រូវបានបង្កើតឡើងដើម្បីរក្សាមុខងាររដ្ឋស្នូល និងទប់ស្កាត់ការរំខានណាមួយនៃសេវាសាធារណៈ ប៉ុន្មានថ្ងៃបន្ទាប់ពីលោកប្រធានាធិបតី អ៊ីម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានតែងតាំងលោក ហ្វ្រង់ស្វ័រ បាយរូ (Francois Bayrou) ជានាយករដ្ឋមន្ត្រីទីបួនរបស់លោកនៅឆ្នាំ២០២៤នេះ។

រដ្ឋធម្មនុញ្ញបារាំង អនុញ្ញាតឱ្យច្បាប់ពិសេសនោះត្រូវបានអនុម័តនៅក្នុងសភា ដែលបន្តការបង្កើនពន្ធ និងការចំណាយនៅក្នុងថវិកាបច្ចុប្បន្ន ដើម្បីធានាថាមិនមានការបិទរដ្ឋាភិបាលដូចនៅអាមេរិក ដោយសារតែមិនមានថវិកាសម្រាប់ឆ្នាំថ្មី។

ច្បាប់នេះមានបំណងដើរតួនាទីជាការបិទចន្លោះប្រហោងនយោបាយ រហូតដល់សភាដ៏បែកបាក់របស់បារាំង អនុម័តបានច្បាប់ថវិកាឆ្នាំ២០២៥ ដែលព្រាងដោយរដ្ឋាភិបាលថ្មីរបស់លោក Bayrou ហើយទំនងជាកើតឡើងនៅដើមឆ្នាំក្រោយ។

ព្រឹទ្ធសភា ដែលជាសភាជាន់ខ្ពស់ នឹងពិនិត្យច្បាប់ពិសេសនោះនៅថ្ងៃពុធ (១៨ ធ្នូ)។ គួរបញ្ជាក់ថា ច្បាប់បន្តប្រើថវិកាឆ្នាំ២០២៤នេះ ត្រូវតែអនុម័តឱ្យបានមុនថ្ងៃទី៣១ ខែធ្នូដើម្បីធានាបាននូវសេវាសាធារណៈដែលមិនមានការរំខាន និងបញ្ចៀសការបិទរដ្ឋាភិបាល៕