ប្រទេសចិន កាលពីថ្ងៃចន្ទទី១៦ ខែធ្នូ បានប្រកាសថា ខ្លួននឹងធ្វើកិច្ចចរចាកម្រិតខ្ពស់ នៅចុងសប្តាហ៍នេះជាមួយប្រទេសឥណ្ឌា អំពីជម្លោះព្រំដែនរបស់ពួកគេ ជាការពិភាក្សាលើកដំបូង ក្នុងរយៈពេល ៥ឆ្នាំ ដែលជាសញ្ញាបង្ហាញពីការផ្សះផ្សានូវទំនាក់ទំនងរអាក់រអួលនៃប្រទេសទាំង២។
ទំនាក់ទំនងនៃប្រទេសទាំង២ បានចាប់ផ្ដើមតានតឹង ចាប់តាំងពីមានការប៉ះទង្គិចគ្នាបង្ហូរឈាមដោយយោធា កាលពីឆ្នាំ២០២០ នៅតាមព្រំដែន រវាងតំបន់ទីបេ និងតំបន់ Ladakh របស់ប្រទេសឥណ្ឌា ដែលបានបណ្តាលឲ្យទាហានឥណ្ឌា ២០នាក់ និងចិន ៤នាក់បាត់បង់ជីវិត។
កាលពីខែតុលា ទីក្រុងញូវដេលី (New Delhi) បានឲ្យដឹងថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងជាមួយទីក្រុងប៉េកាំង ជុំវិញការល្បាតនៅតំបន់ជម្លោះ តាមព្រំដែនរួមរបស់ប្រទេសទាំង២។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងជួបពិភាក្សាជាមួយទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា លោក Ajit Doval នៅថ្ងៃទី១៨ ខែធ្នូ នៅទីក្រុងប៉េកាំង ស្តីពី «បញ្ហាព្រំដែនចិន-ឥណ្ឌា»។
កិច្ចពិភាក្សានេះនឹងត្រូវធ្វើឡើងក្នុងក្របខណ្ឌនៃយន្តការចរចាដែលត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០០៣ ដើម្បីដោះស្រាយបញ្ហាស្មុគស្មាញ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា កិច្ចប្រជុំចុងក្រោយបែបនេះ បានធ្វើឡើងក្នុងខែធ្នូ ឆ្នាំ២០១៩។
គួររំលឹកថា កិច្ចព្រមព្រៀងខែតុលា ត្រូវបានសម្រេចឡើង ភ្លាមៗមុនពេលកិច្ចប្រជុំផ្លូវការដ៏កម្រមួយ ដែលជាលើកទី១ ក្នុងរយៈពេល ៥ឆ្នាំផងដែរ រវាងប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅខាងក្រៅកិច្ចប្រជុំកំពូលរបស់ប្លុក Brics នៅប្រទេសរុស្ស៊ី៕