ទូរទស្សន៍ Al Jazeera TV ដែលមានមូលដ្ឋាននៅកាតា រាយការណ៍ដោយដកស្រង់សម្តីក្រុមប្រឹក្សាជនភៀសខ្លួនន័រវែស (NRC)ថា ប្រជាជនប៉ាឡេស្ទីនជិតមួយលាននាក់ នៅតំបន់ហ្កាហ្សាស្ទ្រីប មិនមានការការពារសំខាន់ៗ ប្រឆាំងនឹងភាពត្រជាក់រដូវរងាទេ។
យោងតាមក្រុមប្រឹក្សាជនភៀសខ្លួនន័រវែស (NRC)បានឲ្យដឹងថា មានមនុស្សតែ ២៨៥.000នាក់ប៉ុណ្ណោះ ដែលត្រូវបានផ្លាស់ទីលំនៅ នៅតំបន់ហ្កាហ្សា បានទទួលសម្ភារៈជម្រកចាំបាច់ នៅចុងខែវិច្ឆិកា ខណៈដែលមនុស្សប្រហែល ៩៤៥.000 នាក់ នៅតែត្រូវការជំនួយ។
Al Jazeera បានដកស្រង់សម្តីលោក Jeroen Quanjer ប្រធានផ្នែកជម្រករបស់ក្រុមប្រឹក្សានេះ នៅប៉ា ឡេស្ទីនដែលបាននិយាយថា៖«យើងបានទទួលតែផ្នែកមួយនៃជំនួយដែលត្រូវការ ដើម្បីដោះស្រាយវិបត្តិជម្រក»។ លោកបានបន្ថែមថា៖«ជនភៀសខ្លួនរាប់រយពាន់គ្រួសារ កំពុងស៊ូទ្រាំនឹងភាពត្រជាក់នៃរដូវរងា និងភ្លៀងដោយគ្មានការការពារត្រឹមត្រូវ។ ការបដិសេធម្តងហើយម្តងទៀតរបស់អាជ្ញាធរអ៊ីស្រាអែលចំពោះសម្ភារៈជម្រកសំខាន់ៗ រារាំងយើងពីការបង្កើនការឆ្លើយតបរបស់យើង ដើម្បីបង្កើតជម្រកសង្គ្រោះបន្ទាន់ ដែលអាចទប់ទល់នឹងលក្ខខណ្ឌរដូវរងា នៅតំបន់ហ្កាហ្សា»។
អង្គការអន្តរជាតិមួយចំនួន បន្តរាយការណ៍ពីការរឹតបន្តឹងរបស់អ៊ីស្រាអែល លើការផ្តល់ជំនួយ ទៅកាន់តំបន់ហ្កាហ្សា។ ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរអ៊ីស្រាអែល បានបដិសេធរបាយការណ៍ទាំងនេះ ដោយអះអាងថា ពួកគេមិនដាក់កម្រិតលើការផ្តល់ជំនួយមនុស្សធម៌ ដល់ដែនដីប៉ាឡេស្ទីនឡើយ។