នាយកមន្ទីរពេទ្យបានប្រាប់សារព័ត៌មានរ៉យទ័រ កាលពីថ្ងៃអង្គារ (១៧ ធ្នូ) ថា បុរសប្រដាប់អាវុធមួយក្រុមបានវាយប្រហារ និងបំផ្លាញផ្នែកខ្លះនៃមន្ទីរពេទ្យមួយក្នុងរដ្ឋធានីព័រអូប្រាំង របស់ប្រទេសហៃទី ស្របពេលមានកំណើនរលកនៃអំពើហឹង្សា ដែលជំរុញឱ្យអង្គការគ្រូពេទ្យគ្មានព្រំដែន ផ្អាកប្រតិបត្តិការរបស់ខ្លួននៅហៃទី កាលពីខែមុន។

ប្រធានមន្ទីរពេទ្យ ដែលសុំមិនបញ្ចេញឈ្មោះរូបនេះបាននិយាយថា ក្រុមប្រដាប់អាវុធទាំងនោះបានដុតមន្ទីរពេទ្យ ប៊ែណាដ មេវ (Bernard Mevs) កាលពីយប់ថ្ងៃចន្ទ ដោយបំផ្លាញបន្ទប់វះកាត់ចំនួន៤ និងឧបករណ៍មន្ទីរពិសោធន៍ទាំងអស់។

មិនមានអ្នកជំងឺ ឬបុគ្គលិកណាម្នាក់រងគ្រោះថ្នាក់ក្នុងការវាយប្រហារនោះទេ ដោយសារតែមន្ទីរពេទ្យត្រូវបានជម្លៀសចេញ បន្ទាប់ពីមានការគំរាមកំហែងពីមេក្រុមជនអន្ធពាលក្នុងតំបន់។
ទីភ្នាក់ងារកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានព្រមានកាលពីដើមឆ្នាំនេះថា ប្រព័ន្ធសុខាភិបាលរបស់ហៃទី «ជិតដួលរលំហើយ» ជាមួយនឹងអំពើហិង្សាកាន់តែខ្លាំងក្លាឡើង ដែលធ្វើឱ្យក្រុមគ្រូពេទ្យ និងសេវាវេជ្ជសាស្រ្ត មានគ្រោះថ្នាក់៕