កងកម្លាំងសន្តិសុខរបស់អាជ្ញាធរប៉ាឡេស្ទីន បានប្រយុទ្ធជាមួយក្រុមអ្នកប្រយុទ្ធអ៊ីស្លាមនិយមនៅ ទីក្រុងJenin ជាច្រើនថ្ងៃមកហើយ ខណៈពួកគេប្រយុទ្ធដើម្បីដាក់ការគ្រប់គ្រងមជ្ឈមណ្ឌលសកម្មប្រយុទ្ធប្រវត្តិសាស្ត្រមួយនៅតំបន់ West Bank។

កងកម្លាំងរបស់អាជ្ញាធរប៉ាឡេស្ទីន ដែលអនុវត្តស្វ័យគ្រប់គ្រងមានកម្រិតនៅតំបន់ West Bank កាន់កាប់ដោយអ៊ីស្រាអែល បានចូលទៅក្នុងទីក្រុង Jenin កាលពីដើមខែធ្នូ ហើយចាប់តាំងពីពេលនោះមក បានប៉ះទង្គិចជាមួយក្រុមអ្នកប្រយុទ្ធ មកពីក្រុមហាម៉ាស និងក្រុមជីហាតអ៊ីស្លាម។

ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ OCHA បានអំពាវនាវឱ្យមានការស៊ើបអង្កេតលើអ្វីដែលខ្លួនហៅថាជាការរំលោភច្បាប់សិទ្ធិមនុស្ស ដោយកងកម្លាំងប៉ាឡេស្ទីន។
កងកម្លាំងសន្តិសុខប៉ាឡេស្ទីនប្រដាប់ដោយអាវុធធុនធ្ងន់នៅក្នុងរថពាសដែក បានបង្កើតប៉ុស្តិ៍ត្រួតពិនិត្យនៅជុំវិញទីក្រុង និងនៅខាងក្រៅជំរំជនភៀសខ្លួនដែលនៅជាប់គ្នានោះ ជាកន្លែងដែលមានការតវ៉ាម្តងហើយម្តងទៀតពីសំណាក់អ្នកស្រុក ប្រឆាំងប្រតិបត្តិការនេះ។
អ្នកស្រុកនិយាយថា អាកប្បកិរិយារបស់កងកម្លាំងសន្តិសុខអាជ្ញាធរប៉ាឡេស្ទីន ប្រហាក់ប្រហែលគ្នាទៅនឹងរបៀបដែលកងទ័ពអ៊ីស្រាអែល បានប្រព្រឹត្តនៅទីក្រុង Jenin ។
ឧត្តមសេនីយ Anwar Rajab អ្នកនាំពាក្យកងកម្លាំងសន្តិសុខប៉ាឡេស្ទីន បាននិយាយថា «ជនក្រៅច្បាប់» ដែលបានកាន់កាប់ជំរំ Jenin ត្រូវចាប់ខ្លួន ហើយនឹងត្រូវនាំទៅកាត់ទោស។
លោកបាននិយាយថា ប្រតិបត្តិការនេះ មានគោលបំណងដើម្បីរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខ ហើយនឹងបន្តរហូតដល់សម្រេចបានគោលដៅ។
អាជ្ញាធរដែនដីប៉ាឡេស្ទីន លោក Mohammad Mustafa ដែលបានទៅពិនិត្យទីក្រុង Jenin ជាមួយមេដឹកនាំសន្តិសុខប៉ាឡេស្ទីន កាលពីចុងសប្តាហ៍កន្លងទៅនេះ បាននិយាយថា ប្រតិបត្តិការនឹងស្តារសន្តិសុខឡើងវិញ «នៅលើផ្លូវឆ្ពោះទៅរកការបង្កើតរដ្ឋឯករាជ្យ»។