របាយការណ៍នានា បានបង្ហាញកាលពីថ្ងៃអង្គារ (ទី១៧ ខែធ្នូ)ថា កងទ័ពចល័តក្រោមក្រឹត្យច្បាប់អាជ្ញាសឹកថ្ងៃទី៣ ខែធ្នូ បាននាំយកមកជាមួយនូវគ្រាប់រំសេវពិតរាប់ពាន់គ្រាប់ សម្រាប់ប្រតិបត្តិការរបស់ពួកគេ។
ក្រុមបេសកកម្មពិសេសទី៧០៧ នៃបញ្ជាការសង្គ្រាមពិសេសរបស់កងទ័ព បាននាំយកគ្រាប់រំសេវពិតចំនួន ៣.៩៦០គ្រាប់ គ្រាប់គ្មានក្បាលគ្រាប់ចំនួន ១.៩៨០គ្រាប់ និងគ្រាប់សម្រាប់កាំភ្លើងឆក់ ១០០គ្រាប់ នៅពេលពួកគេត្រូវបានដាក់ពង្រាយទៅកាន់រដ្ឋសភា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងតំបន់ផ្សេងទៀត នៅទូទាំងទីក្រុងសេអ៊ូល កាលពីយប់ថ្ងៃទី៣ និងទី៤ ខែធ្នូ។
ហើយក៏មានសេចក្ដីរាយការណ៍ផងដែរពីទូរទស្សន៍ក្នុងស្រុក MBC ថា កងទ័ពមកពីទីបញ្ជាការការពាររដ្ឋធានី (CDC) របស់កងទ័ព ដែលក៏ត្រូវបានដាក់ពង្រាយទៅកាន់សភាដែរនោះ បានមានគ្រាប់រំសេវពិតជាង ៥.០០០គ្រាប់ រួមជាមួយនឹងគ្រាប់គ្មានក្បាលគ្រាប់ចំនួន ៣.០០០គ្រាប់។
តែយ៉ាងណាក្ដី លោក Kim Seon-ho អនុរដ្ឋមន្ត្រីការពារជាតិ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិស្តីទី កាលពីថ្ងៃទី៥ ខែធ្នូ បានប្រាប់សភាថា មិនមានការផ្គត់ផ្គង់គ្រាប់រំសេវពិតដល់ទាហាននោះទេ។ នៅពេលក្រសួងត្រូវបានសាកសួរអំពីបញ្ហានេះ ក្រសួងបានឲ្យដឹងថា គ្រាប់កាំភ្លើងទាំងនោះត្រូវបានដឹកទៅកន្លែងផ្សេងៗៗ ប៉ុន្តែមិនបានចែកដល់ទាហានម្នាក់ៗនោះទេ។
ចំណែក CDC ក៏បានប្រាប់ផងដែរថា ទាហានរបស់ខ្លួនត្រូវបានបញ្ជូនទៅសភា ដោយគ្មានគ្រាប់រំសេវ។ គេមិនទាន់ច្បាស់ទេថា តើកាំភ្លើងត្រូវបានដកគ្រាប់ចេញដូចការអះអាងរបស់យោធាដែរ ឬយ៉ាងណា។ ទាហានមួយចំនួនដែលដាក់ពង្រាយ នៅសភា ត្រូវបានគេថតជាប់ ភ្ជង់កាំភ្លើងទៅកាន់ប្រជាជន នៅទីនោះ ប៉ុន្តែគ្មានការបាញ់ប្រហារណាមួយឡើយ៕