អាជ្ញាធរអ៊ីរ៉ាក់ បាននិយាយកាលពីថ្ងៃអង្គារថា អ្នកជួញដូរគ្រឿងញៀនអន្តរជាតិចំនួន ១១៦នាក់ ត្រូវបានចាប់ខ្លួន ក្នុងឆ្នាំ ២០២៤។
សេចក្តីថ្លែងការណ៍មួយរបស់ក្រសួងមហាផ្ទៃអ៊ីរ៉ាក់ បានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងនេះ បានកើតឡើងនៅក្នុងប្រតិបត្តិការទ្រង់ទ្រាយធំ ដែលធ្វើឡើងដោយកងកម្លាំងប្រឆាំងគ្រឿងញៀនអ៊ីរ៉ាក់ ដើម្បីរុះរើ បណ្តាញគ្រឿងញៀនអន្តរជាតិ នៅក្នុងប្រទេសនេះ។
សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា សារធាតុញៀនជាង ៣តោន ត្រូវបានរឹបអូស ក្នុងអំឡុងឆ្នាំនេះ ខណៈពេលដែលអ្នកជួញដូរគ្រឿងញៀនអន្តរជាតិចំនួន ៨២នាក់ បានទទួលការកាត់ទោសប្រហារជីវិតដោយតុលាការអ៊ីរ៉ាក់។
ភាពចលាចល និងជម្លោះ នៅក្នុងប្រទេសអ៊ីរ៉ាក់ ចាប់តាំងពីការឈ្លានពានរបស់សហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០០៣ បានរារាំងរដ្ឋាភិបាលអ៊ីរ៉ាក់ជាបន្តបន្ទាប់ ពីការដោះស្រាយការគំរាមកំហែងនៃគ្រឿងញៀនប្រកបដោយប្រសិទ្ធភាព។
នៅខែឧសភា ឆ្នាំ ២០២៣ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក អាម៉េដ សៀ អាល់ ស៊ូដានី (Mohammed Shia al-Sudani) បានគូសបញ្ជាក់អំពីសារៈសំខាន់នៃ«សង្គ្រាមប្រឆាំងគ្រឿងញៀន» ដោយនិយាយថា ការជួញដូរគ្រឿងញៀន នៅតែជាប្រភពមូលនិធិដ៏សំខាន់សម្រាប់អំពើភេរវកម្ម ហើយចរាចរគ្រឿងញៀន រីកដុះដាល នៅក្នុងស្រមោលនៃអំពើភេរវកម្ម។