នាយករដ្ឋមន្ត្រីអេស្តូនីលោក Kristen Michal កាលពីថ្ងៃអង្គារ បានសង្កត់ធ្ងន់លើតួនាទីរបស់ចក្រភពអង់គ្លេស ក្នុងនាមជាដៃគូយោធាដ៏ធំបំផុតរបស់អេស្តូនី ហើយបានអំពាវនាវឲ្យពង្រីកកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ។
លោក Michal បាននិយាយបន្ទាប់ពីជួបជាមួយនាយករដ្ឋមន្រ្តីអង់គ្លេសលោក Keir Starmer ថា៖ «ឧស្សាហកម្មការពារជាតិបច្ចេកវិទ្យាខ្ពស់របស់យើង មានសក្តានុពលដ៏អស្ចារ្យសម្រាប់កិច្ចសហប្រតិបត្តិការ ជាមួយក្រុមហ៊ុនអង់គ្លេស»។

ប្រធានាធិបតីអេស្តូនី លោក Alar Karis ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់របស់ចក្រភពអង់គ្លេស ក្នុងនាមជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អង្គការណាតូ ក្នុងការធានាសន្តិសុខក្នុងតំបន់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតីអេស្តូនី។
លោក Starmer បានចូលរួមកិច្ចប្រជុំកំពូលសន្តិសុខនៃកងកម្លាំងបេសកកម្មរួម( JEF) ដែលធ្វើឡើងនៅថ្ងៃទី ១៦-១៧ ខែធ្នូ នៅក្នុងទីក្រុង Tallinn ។ កងកម្លាំងបេសកកម្មរួម(JEF ) ដែលដឹកនាំដោយអង់គ្លេស រួមមានប្រទេសអេស្តូនី ហូឡង់ ឡាតវី លីទុយអានី ន័រវែស ស៊ុយអែត ហ្វាំងឡង់ ដាណឺម៉ាក និងអ៊ីស្លង់។
