បេសកជនចិន បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសចិនសង្ឃឹមថា ប្រទេសស៊ីរីនឹងសម្រេចបាននូវសន្តិភាព និងស្តារស្ថិរភាពឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយត្រៀមខ្លួនជាស្រេច ដើម្បីដើរតួនាទីស្ថាបនា រហូតដល់ទីបញ្ចប់។
លោក Geng Shuang តំណាងអចិន្ត្រៃយ៍រងរបស់ចិនប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងនៅក្នុងសុន្ទរកថារបស់ខ្លួន នៅឯសន្និសីទក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីស៊ីរីថា៖«ថ្មីៗនេះ ស្ថានភាពនៅក្នុងប្រទេសស៊ីរី បានឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងខ្លាំង ដែលប្រទេសចិន យកចិត្តទុកដាក់យ៉ាងសំខាន់បំផុត»។
លោក Geng បានសង្កត់ធ្ងន់ថា៖«វាពិតជាការចាំបាច់ណាស់ ក្នុងការធ្វើឲ្យស្ថានការណ៍សន្តិសុខ មានស្ថិរភាព» ដោយបានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ ក្នុងប្រទេសស៊ីរី អនុវត្តភាពស្ងប់ស្ងាត់ និងការអត់ធ្មត់ ចៀសវាងសកម្មភាពដែលអាចធ្វើឲ្យស្ថានការណ៍កាន់តែតានតឹង និងទប់ស្កាត់ជម្លោះថ្មីៗ។
លោកឯកអគ្គរដ្ឋទូត បានជំរុញឲ្យភាគីទាំងអស់ចាត់វិធានការហាមឃាត់ការវាយប្រហារលើជនស៊ីវិល និងការពារសន្តិសុខនៃបេសកកម្មការទូត និងជនបរទេស នៅក្នុងប្រទេសនេះ។

