បន្ទាប់ពីបានពិនិត្យមើលទិន្នន័យសម្ងាត់ពីសេវាចារកម្មបរទេសរបស់ប្រទេស គណៈកម្មាធិការសភា កាលពីយប់ថ្ងៃអង្គា (ទី១៧ ខែធ្នូ) បានឲ្យដឹងថា ការបោះឆ្នោតប្រធានាធិបតីដែលត្រូវបានលុបចោលរបស់ប្រទេសរូម៉ានី គឺជាគោលដៅនៃការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ការផ្សាយព័ត៌មានមិនពិត និងការឃោសនា។
គួរបញ្ជាក់ថា តុលាការជាន់ខ្ពស់របស់រូម៉ានី កាលពីថ្ងៃទី៨ ខែធ្នូ បានសម្រេចលុបចោលការបោះឆ្នោតប្រធានាធិបតី ដោយមានរយៈពេល ២ថ្ងៃមុនការបោះឆ្នោតជុំទី២ និងចុងក្រោយ បន្ទាប់ពីជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើល នៅជុំទី១ បានធ្លាក់ទៅក្នុងដៃរបស់ក្រុមស្ដាំនិយមជ្រុលមិនសូវល្បីឈ្មោះ ដែលជាអ្នករិះគន់អង្គការណាតូ។

តុលាការបានឈានដល់ការសម្រេចរបស់ខ្លួន ដោយផ្អែកលើឯកសារចំនួន ៥ច្បាប់បង្ហាញដោយសហភាពអឺរ៉ុប និងក្រុមប្រឹក្សាសន្តិសុខជាន់ខ្ពស់នៃរដ្ឋរបស់អង្គការណាតូ ដែលបានចោទប្រកាន់រុស្ស៊ីថា បានជ្រៀតជ្រែក ប៉ុន្តែបានផ្តល់ភស្តុតាងជាក់ស្តែងតិចតួចនៃការជាប់ពាក់ព័ន្ធដោយផ្ទាល់។ រុស្ស៊ីបានបដិសេធមិនមានការជ្រៀតជ្រែកណាមួយឡើយ។
ហើយកាលពីថ្ងៃទី១៧ ខែធ្នូ សេវាស៊ើបការណ៍សម្ងាត់បរទេស (SIE) បានបង្ហាញពីការរកឃើញរបស់ខ្លួនបន្ថែមទៀតដល់គណៈកម្មាធិការសភាដែលទទួលបន្ទុកត្រួតពិនិត្យឯកសារ។
ប្រធានគណៈកម្មការ លោក Mihai Weber បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «មានការវាយប្រហារតាមអ៊ីនធឺណេត ក្នុងគោលបំណងជះឥទ្ធិពលលើភាពត្រឹមត្រូវនៃការបោះឆ្នោត ជាពិសេសពីរុស្ស៊ី ដើម្បីជះឥទ្ធិពលលើរបៀបវារៈសាធារណៈ ដោយប្រើបញ្ញាសិប្បនិម្មិត និងការផ្សព្វផ្សាយតាមអ៊ីនធឺណិតយ៉ាងគឃ្លើន។ មានយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត និងការឃោសនា ដើម្បីគាំទ្របេក្ខជនរិះគន់អឺរ៉ុប ដែលត្រូវបានជួយលើកតម្កើងយ៉ាងខ្លាំងក្លា បើប្រៀបធៀបជាមួយនឹងគូប្រជែងផ្សេងទៀត»៕
