ភ្នំពេញ ÷ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើក«សប្តាហ៍ភាពយន្តអន្តរជាតិឡានឆាង-មេគង្គ លើកទី៦» គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងប្រទេសក្នុងអនុតំបន់ឡានឆាង-មេគង្គ ជាពិសេសលើវិស័យភាពយន្ត, នៅសាលសន្និសីទចតុម្មុខ ល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែងថា ការរៀបចំនេះគឺជាលើកទី១ ដែលព្រឹត្តិការណ៍សប្តាហ៍ភាពយន្តអន្តរជាតិឡានឆាង-មេគង្គ ធ្វើឡើងនៅក្រៅទឹកដី ខេត្តយូណាន នៃប្រទេសចិន ហើយសកម្មភាពនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវស្មារតី និងឆន្ទៈក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរ និងការធ្វើឲ្យប្រសើរឡើងថែមទៀតនូវកិច្ចសន្ទនារវាងប្រទេសក្នុងអនុតំបន់ឡានឆាង-មេគង្គ។ អនុតំបន់ឡានឆាង-មេគង្គ ដែលរួមមាន៖ ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម និងប្រទេសចិន ត្រូវបានទទួលស្គាល់ថា ជាតំបន់ដែលមានវប្បធម៌ អរិយធម៌ដ៏សម្បូរបែប និងមានប្រវត្តិសាស្រ្តដ៏យូរលង់។ ពិតណាស់ ភាពយន្ត គឺជាភាសាសកលដែលងាយនឹងឆ្លងព្រំដែន ហើយលើសពីនេះ ភាពយន្តក៏មានលក្ខណៈពិសេស និងជាស្ពានក្នុងការតភ្ជាប់ទំនាក់ទំនង បង្កើតការយល់ដឹងពីគ្នាទៅវិញមក ព្រមទាំងជាមធ្យោបាយក្នុងការចែករំលែករឿងវ៉ាវប្រកបដោយភាពច្នៃប្រឌិដ្ឋ។ ការរៀបចំព្រឹត្តិការណ៍“សប្តាហ៍ភាពយន្តអន្តរជាតិឡានឆាង-មេគង្គ លើកទី៦”នាពេលនេះ មិនត្រឹមតែជាសកម្មភាពនៃការជួបជុំផលិតករ សិល្បករ ក្នុងរង្វង់នៃឧស្សាហកម្មភាពយន្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការរួមចំណែកយ៉ាងសំខាន់បន្ថែមទៀតក្នុងការពូនជ្រុំនូវចំណងមិត្តភាព និងជាសក្ខីភាពនៃការបង្កើតភាពជាដៃគូយូរអង្វែង ការគោរពគ្នាទៅវិញទៅមកក្នុងចំណោមប្រជាជាតិនានា ព្រមទាំងជាសកម្មភាពនៃការលើកកម្ពស់កិច្ចសន្ទនាក្នុងវិស័យវប្បធម៌ និងកិច្ចសហប្រត្តិការយ៉ាងជិតស្និទ្ធរវាងបណ្តាប្រទេសក្នុងអនុតំបន់ឡានឆាង-មេគង្គ។
លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រី្ត បានបញ្ជាក់ថា កម្ពុជា និងចិន មានទំនាក់ទំនងជាប្រពៃណីដែលបានចាប់ផ្ដើមរាប់ពាន់ឆ្នាំមកហើយ ហើយក៏មានវប្បធម៌អរិយធម៌ដ៏ចំណាស់ និងអស្ចារ្យផងដែរ។ នាពេលថ្មីៗនេះ ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរបានឈានដល់កម្រិតដ៏សំខាន់មួយគឺ “សហគមន៍ជោគវាសនារួមគ្នាកម្ពុជា-ចិន” ដែលបានប្រកាសក្នុងដំណើរទស្សនកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងប៉េកាំង នាខែកុម្ភៈ ឆ្នាំ២០២៣។ បន្ថែមលើសពីនេះ កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្ដពង្រឹង និងផ្ដល់អាទិភាពខ្ពស់លើទំនាក់ទំនង កម្ពុជា-ចិន ដែលបានឈានដល់កម្រិតខ្ពស់ថ្មីមួយទៀតគឺ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព វិបុលភាព។ ទន្ទឹមនេះ ក្រោមគំនិតផ្តួចផ្តើមនៃយុទ្ធសាស្រ្តខ្សែក្រវ៉ាត់ និងផ្លូវ ប្រទេសយើងទាំងពីរបានប្តេជ្ញាបន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ក្នុងនោះ វិស័យវប្បធម៌ ក៏ត្រូវបានលើកកម្ពស់ ពិសេសការតភ្ជាប់រវាងប្រជាជន និងប្រជាជន ដែលជាមូលដ្ឋានគ្រឹះក្នុងការកសាងសហគមន៍វាសនារួម ដោយការរួមរស់ជាមួយគ្នាប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍ។
ទន្ទឹមគ្នានោះដែរ លោក ចាយ យូឡុង (Zhai Yulong) តំណាងគណៈកម្មការរៀបចំសប្តាហ៍ភាពយន្តអន្តរជាតិឡានឆាង-មេគង្គ និងជាប្រធានរដ្ឋបាលភាពយន្ត ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន បានលើកឡើងថា នៅក្រោមក្របខណ្ឌនៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយចិន-កម្ពុជា និងការកសាងសហគមន៍ជោគវាសនាតែមួយ ចិន-កម្ពុជា នាយុគសម័យថ្មី គណៈកម្មាធិការ បក្សកុម្មុយនិស្តចិន ប្រចាំខេត្តយូណាន រដ្ឋបាលប្រជាជនខេត្តយូណាន តែងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាមួយកម្ពុជា។
ជាចុងក្រោយលោក ឈិន ឆុង (Chen Cong) អគ្គទីប្រឹក្សានៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ជឿជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ ចំពោះការផ្លាស់ប្តូរ និងកិច្ចសហប្រតិបតិ្តការផ្នែកភាពយន្ត និងវប្បធម៌ចិន-កម្ពុជា និងឆ្ពោះទៅរកអនាគតរុងរឿង និងផ្តល់ភាពភ្លឺស្វាង ដល់ការកសាងជោគវាសនារួម ចិន-កម្ពុជា នៅក្នុងយុគ្គសម័យថ្មី៕
អត្ថបទ រដ្ឋា


























