ក្រុមអ្នកវិភាគនិយាយថា លោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ដែលជាអ្នកជំនាញផ្នែកច្បាប់ ហាក់មិនព្រមលែងដៃនៅក្នុងការតស៊ូផ្លូវច្បាប់របស់ខ្លួនឡើយ ហើយកំពុងព្យាយាមអូសបន្លាយពេលវេលាលើសំណុំរឿងជុំវិញក្រឹត្យច្បាប់អាជ្ញាសឹក ខណៈការរាប់ថយក្រោយ ៦ខែ បានចាប់ផ្តើមនៅលើតុលាការធម្មនុញ្ញ ដែលហាក់ពុំមានអំណាចគ្រប់គ្រាន់ដើម្បីរក្សាញត្តិចោទប្រកាន់ទម្លាក់តំណែងរបស់ប្រធានាធិបតីរូបនេះ។

រដ្ឋអាជ្ញាកូរ៉េខាងត្បូង កំពុងប្រឹងប្រែងស៊ើបអង្កេតលោក Yoon ជុំវិញក្រឹត្យច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោក ប៉ុន្តែមេដឹកនាំរូបនេះ មិនបង្ហាញខ្លួនក្នុងការសាកសួរតាមនីតិវិធីឡើយ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា លោក Yoon កាលពីថ្ងៃពុធ (១៨ ខែធ្នូ) មិនបានចូលខ្លួនសម្រាប់ការសាកសួររបស់ក្រុមស៊ើបអង្កេតរួមគ្នា ដែលមានទាំងក្រសួងការពារជាតិ នគរបាល និងស្ថាប័នស៊ើបអង្កេតប្រឆាំងអំពើពុករលួយនោះទេ។

ក្រុមស៊ើបអង្កេតក៏ត្រូវបានបដិសេធពីរដងមកហើយ ក្នុងការចូលឆែកឆេរការិយាល័យរបស់លោកដើម្បីរកភស្តុតាង។ លោក Yoon បានរក្សាភាពស្ងប់ស្ងាត់ ចាប់តាំងពីធ្វើសុន្ទរកថាជាសាធារណៈមួយ ភ្លាមៗបន្ទាប់ពីត្រូវបានសភាចោទប្រកាន់ទម្លាក់តណែងកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ហើយអាជ្ញាធរមិនអាចទាក់ទង ឬកោះហៅលោកបានទេ ចាប់តាំងពីពេលនោះមក។
ក្រុមអ្នកវិភាគ លើកឡើងថា លោក Yoon ដែលជារដ្ឋអាជ្ញាអាជីព និងជាអ្នកជំនាញផ្នែកច្បាប់ ចង់ចាប់យកឱកាសរបស់ខ្លួននៅក្នុងតុលាការ និងបំផ្លាញមូលដ្ឋានច្បាប់សម្រាប់ការចោទប្រកាន់ពីបទបះបោរ។ អ្នកវិភាគបន្ថែមថា លោកក៏កំពុងសន្សំពេលវេលាផងដែរ ដោយសារការអូសបន្លាយដំណើរការច្បាប់នេះអាចទុកពេលឱ្យលោកបង្កើតយុទ្ធសាស្រ្តការពារបានយ៉ាងល្អ រួមទាំងនៅក្នុងដំណើរការចោទប្រកាន់ទម្លាក់ ដើម្បីបង្កើនឱកាសឈ្នះ៕