ក្រុមអ្នកវិភាគបានលើកឡើងថា អាជ្ញាធរអាស៊ីអាគ្នេយ៍ ត្រូវតែមានការប្រុងប្រយ័ត្ន បន្ទាប់ពីកងកម្លាំងឧទ្ទាមដណ្តើមកាន់កាប់ប្រទេសស៊ីរី ពីលោកប្រធានាធិបតី Bashar al-Assad ខណៈអ្នកជំនាញមួយចំនួនព្រមានថា ក្រុមភេរវករអាចឆ្លៀតឱកាសក្នុងអំឡុងភាពទំនេរនៃអំណាចដែលកំពុងបន្តនេះ ហើយបង្កការគំរាមកំហែងសន្តិសុខនៅក្នុងតំបន់។

លោក Adhe Bhakti នាយកប្រតិបត្តិនៃក្រុមស្រាវជ្រាវសម្រាប់ការសិក្សាពីលទ្ធិជ្រុលនិយម (PAKAR) ប្រាប់សារព័ត៌មាន CNA ថា៖ ស្ថានការណ៍នៅស៊ីរី មានភាពប្រែប្រួលខ្លាំង ហើយអាចធ្លាក់ចូលទៅក្នុងជម្លោះ និងហិង្សាបានគ្រប់ពេល ហើយនេះជាពេលដែលក្រុមភេរវករជ្រុលនិយម ឆ្លៀតឱកាសដើម្បីទទួលបានសមាជិក និងការគាំទ្រថ្មីៗ។

ជាមួយគ្នានេះ តំណាងមកពីទីភ្នាក់ងារប្រឆាំងភេរវកម្មរបស់ឥណ្ឌូនេស៊ី បានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារជាតិ រួមគ្នានឹងប្រទេសជិតខាង។ គួររម្លឹកថា សង្គ្រាមស៊ីវិលនៅស៊ីរី ដែលចាប់ផ្តើមជាងមួយទសវត្សរ៍មុន បានត្រួសត្រាយផ្លូវសម្រាប់ការបង្កើតក្រុមរដ្ឋអ៊ីស្លាម (IS) និងរណសិរ្ស អាល់-នូស្រា (Al-Nusra) ដែលមានទំនាក់ទំនងជាមួយក្រុមភេរវករ អាល់កៃដា។

ក្រុមទាំងពីរបាននោះទាក់ទាញអ្នកប្រយុទ្ធបរទេសរាប់រយនាក់មកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ខណៈការបង្រៀនពីលទ្ធិជ្រុលនិយមរបស់ពួកគេ ត្រូវរាយការណ៍ថាបានសាយភាយដល់ប្រជាជនមូស្លីមរាប់ពាន់នាក់ នៅម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន ដែលបំផុសគំនិតដល់មនុស្សមួយចំនួនឱ្យបើកការវាយប្រហារភេរវកម្មដ៏បង្ហូរឈាមនៅក្នុងប្រទេសពួកគេរៀងៗខ្លួន៕