បេសកជនអង្គការសហប្រជាជាតិប្រចាំប្រទេសស៊ីរីកាលពីថ្ងៃពុធ បានអំពាវនាវឲ្យមានការបោះឆ្នោត «ដោយសេរី និងយុត្តិធម៌» បន្ទាប់ពីការទម្លាក់ប្រធានាធិបតីលោក បាសា អាល់អាសាដ( Bashar al- Assad)ពីអំណាច ខណៈដែលលោក បានសម្តែងក្តីសង្ឃឹមចំពោះដំណោះស្រាយនយោបាយសម្រាប់តំបន់កាន់កាប់ដោយជនជាតិឃើដ។

លោក អាសាដ បានភៀសខ្លួនចេញពីប្រទេសស៊ីរី បន្ទាប់ពីការវាយលុកយ៉ាងឆាប់រហ័ស ដែលដឹកនាំដោយក្រុម Hayat Tahrir Al-Sham (HTS) រយៈពេលជាង ១៣ឆ្នាំ បន្ទាប់ពីការបង្ក្រាបរបស់លោក ទៅលើការតវ៉ាលទ្ធិប្រជាធិបតេយ្យ បានធ្វើឲ្យមានសង្រ្គាមដ៏សាហាវបំផុតមួយ ក្នុងសតវត្សរ៍នេះ។

លោកបានបន្សល់ទុកនូវប្រទេសមួយនេះនូវស្លាកស្នាមដោយការធ្វើទារុណកម្ម ការបាត់ខ្លួន និងការប្រហារជីវិតជាច្រើនទសវត្សរ៍ ហើយការដួលរលំនៃការគ្រប់គ្រងរបស់លោក នៅថ្ងៃទី ០៨ ខែធ្នូ បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល និងជំរុញឲ្យមានការប្រារព្ធពិធីអបអរ នៅជុំវិញប្រទេសស៊ីរី និងលើសពីនេះទៅទៀត។
សង្គ្រាមស៊ីវិលជាច្រើនឆ្នាំ បានធ្វើឲ្យប្រទេសនេះពឹងផ្អែកយ៉ាងខ្លាំងលើជំនួយ បែកបាក់យ៉ាងជ្រៅ និងអស់សង្ឃឹមចំពោះយុត្តិធម៌ និងសន្តិភាព។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងដាម៉ាស( Damascus) បេសកជនពិសេសរបស់អង្គការសហប្រជាជាតិលោក Geir Pedersen បាននិយាយថា៖«មានក្តីសង្ឃឹមជាច្រើនដែលឥឡូវនេះយើងអាចឃើញការចាប់ផ្តើមនៃស៊ីរីថ្មីមួយ»។
លោកបានបញ្ជាក់ថា៖«ស៊ីរីថ្មីដែលនឹងអនុម័តរដ្ឋធម្មនុញ្ញថ្មី... ហើយថា យើងនឹងមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅពេលដែលពេលវេលានោះ មកដល់ បន្ទាប់ពីរយៈពេលអន្តរកាលមួយ»។