អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនរាប់ពាន់នាក់ នៅតំបន់ហ្កាហ្សា ដោយបដិសេធមិនផ្តល់ទឹកស្អាតឲ្យពួកគេ ដែលស្ថាប័ននេះបានលើកឡើងថា មានភាពស្របច្បាប់ ក្នុងការប្រព្រឹត្តិអំពើប្រល័យពូជសាសន៍ និងការសម្លាប់រង្គាល។
អង្គការនេះបានឲ្យដឹងនៅក្នុងរបាយការណ៍របស់ខ្លួនថា៖ «គោលនយោបាយនេះ ដែលធ្វើឡើងជាផ្នែកមួយនៃការសម្លាប់ជនស៊ីវិលប៉ាឡេស្ទីនយ៉ាងច្រើន នៅក្នុងតំបន់ហ្កាហ្សា មានន័យថា អាជ្ញាធរអ៊ីស្រាអែលបានប្រព្រឹត្តបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៃការសម្លាប់រង្គាលដែលកំពុងបន្តមាន»។
អ៊ីស្រាអែលបានច្រានចោលម្តងហើយម្តងទៀតនូវរាល់ការចោទប្រកាន់ ជុំវិញអំពើប្រល័យពូជសាសន៍ ដោយនិយាយថា ខ្លួនបានគោរពច្បាប់អន្តរជាតិ និងមានសិទ្ធិការពារខ្លួន បន្ទាប់ពីមានការវាយប្រហារដែលដឹកនាំដោយក្រុមហាម៉ាសឆ្លងព្រំដែនពីតំបន់ហ្កាហ្សា កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ពោលគឺជាអ្វីដែលបាននាំឲ្យសង្រ្គាមផ្ទុះឡើងរហូតដល់ពេលនេះ។
ទោះបីជារបាយការណ៍នេះ បានពិពណ៌នាការមិនផ្តល់ទឹកថា ជាអំពើប្រល័យពូជសាសន៍ក៏ដោយ ក៏ស្ថាប័ននេះបានកត់សម្គាល់ថា ការបង្ហាញពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងនឹងមន្ត្រីអ៊ីស្រាអែល នឹងតម្រូវឲ្យមានការបង្កើតនូវចេតនារបស់ពួកគេផងដែរ។ របាយការណ៍ដដែល បានដកស្រង់សេចក្តីថ្លែងការណ៍របស់មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលមួយចំនួន ដែលបាននិយាយថា ពួកគេ «ចង់បំផ្លាញប៉ាឡេស្ទីន» ដែលមានន័យថា ការបង្អត់ទឹក «អាចជាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍»។
នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សមជ្ឈិមបូព៌ា លោក Lama Fakih បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «អ្វីដែលយើងបានឃើញ គឺថា រដ្ឋាភិបាលអ៊ីស្រាអែលមានចេតនាសម្លាប់ជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា ដោយបដិសេធមិនផ្តល់ទឹក ដែលពួកគេត្រូវការចាំបាច់ ដើម្បីរស់»។
គួរបញ្ជាក់ថា អង្គការឃ្លាំមើលសិទ្ធិមនុស្សនេះ គឺជាក្រុមសិទ្ធិមនុស្សធំទី២ ក្នុងរយៈពេលមួយខែ ដែលប្រើពាក្យប្រល័យពូជសាសន៍ ដើម្បីពណ៌នាអំពីសកម្មភាពរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា បន្ទាប់ពីអង្គការលើកលែងទោសអន្តរជាតិបានចេញរបាយការណ៍ដែលសន្និដ្ឋានថា អ៊ីស្រាអែលកំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍៕