យោធាបាននិយាយកាលពីថ្ងៃពុធថា ភេរវករ ១១នាក់ ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការបីដាច់ដោយឡែកពីគ្នា នៅក្នុងខេត្ត Khyber Pakhtunkhwa (KP) ភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន។
ផ្នែកទំនាក់ទំនងសាធារណៈអន្តរសេវាកម្ម (ISPR) ដែលជាប្រព័ន្ធផ្សព្វផ្សាយរបស់កងទ័ពប៉ាគីស្ថាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងសន្តិសុខ បានធ្វើប្រតិបត្តិការដែលពឹងផ្អែកលើការស៊ើបការណ៍សម្ងាត់ នៅក្នុងស្រុក Tank, North Waziristan និងស្រុក Mohmand នៃខេត្ត Khyber Pakhtunkhwa។
សេចក្តីថ្លែងការណ៍របស់ ISPR បានលើកឡើងថា ក្នុងអំឡុងពេលប្រតិបត្តិការ នៅក្នុងស្រុក Tank ភេរវករ ចំនួន ៧នាក់ ត្រូវបានសម្លាប់ ក្នុងអំឡុងពេលការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខ និងភេរវករ។
SPR បានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការដាច់ដោយឡែកមួយ បន្ទាប់ពីមានការបាញ់ប្រហារយ៉ាងខ្លាំងក្លា ភេរវករពីរនាក់ ត្រូវបានសម្លាប់ នៅក្នុងតំបន់ Datta Khel នៃស្រុក Waziristan ខាងជើង។
នៅក្នុងការប៉ះទង្គិចគ្នាលើកទី ៣ ដែលបានកើតឡើង នៅស្រុក Mohmand នៃខេត្តនេះ ភេរវករពីរនាក់ត្រូវបានសម្លាប់។
ISPR បានបន្ថែមថា អាវុធ និងគ្រាប់រំសេវ ក៏ត្រូវបានរកឃើញពីក្រុមភេរវករដែលត្រូវបានសម្លាប់ ដោយពួកគេបានចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពភេរវកម្មជាច្រើនប្រឆាំងនឹងកងកម្លាំងសន្តិសុខ ក៏ដូចជាជនស៊ីវិលស្លូតត្រង់ផងដែរ។

