គណៈប្រតិភូមកពីស្ថាប័ននីតិប្បញ្ញត្តិលីប៊ីដែលជាគូប្រជែង បានព្រមព្រៀងគ្នា ក្នុងកិច្ចពិភាក្សា នៅក្នុងប្រទេសម៉ារ៉ុក កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីធ្វើការរួមគ្នាជាមួយបេសកកម្មរបស់អង្គការសហប្រជាជាតិ សម្រាប់ត្រួសត្រាយផ្លូវឲ្យមានការបោះឆ្នោត ក្នុងគោលបំណងបញ្ចប់ភាពជាប់គាំងនយោបាយជាច្រើនឆ្នាំ។

ប្រទេសលីប៊ី បានឆ្លងកាត់រយៈពេលមួយទសវត្សរ៍ដ៏ច្របូកច្របល់ ចាប់តាំងពីប្រទេសនេះ បានបែកបាក់ នៅក្នុង ២០១៤ រវាងរដ្ឋបាលពីរនៅភាគខាងកើតនិងខាងលិច បន្ទាប់ពីការបះបោរដែលគាំទ្រដោយអង្គការណាតូ ដែលបានផ្តួលរំលំលោក Muammar Qaddafi ក្នុងឆ្នាំ ២០១១។

កិច្ចពិភាក្សានៅទីក្រុង Bouznika នៅជិតរដ្ឋធានី Rabat នៃប្រទេសម៉ារ៉ុក គឺរវាងសភាគូប្រជែងដែលគេស្គាល់ថា ជាក្រុមប្រឹក្សាជាន់ខ្ពស់នៃរដ្ឋដែលមានមូលដ្ឋាន នៅទីក្រុងទ្រីប៉ូលីភាគខាងលិច និងសភាតំណាងដែលមានមូលដ្ឋាន នៅទីក្រុង Benghazi នៅភាគខាងកើត។
ស្ថាប័នទាំងពីរ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយមួយថា ការស្តារស្ថិរភាពនៅក្នុងប្រទេសលីប៊ី ទាមទារឲ្យមាន «ការបោះឆ្នោតដោយសេរី និងយុត្តិធម៌»។
សម្រាប់ហេតុផលនេះ ពួកគេបានយល់ព្រមសហការជាមួយបេសកកម្មរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសលីប៊ី ដើម្បីបញ្ជាក់លម្អិតអំពីផែនទីបង្ហាញផ្លូវមួយ ក្នុងការបញ្ចប់វិបត្តិ ក្នុងរបៀបមួយដែលធានា «ភាពជាម្ចាស់របស់លីប៊ី»នៃដំណើរការនយោបាយនេះ។
ចំណែកលោក Stephanie Koury ប្រធានស្តីទីនៃបេសកកម្មអង្គការសហប្រជាជាតិ នៅប្រទេសលីប៊ី បាននិយាយកាលពីសប្តាហ៍មុនថា អង្គការសហប្រជាជាតិ នឹងកោះប្រជុំគណៈកម្មាធិការបច្ចេកទេសនៃអ្នកជំនាញលីប៊ី ដើម្បីដោះស្រាយបញ្ហាចម្រូងចម្រាស និងដាក់ប្រទេសនៅលើផ្លូវ ទៅកាន់ការបោះឆ្នោតជាតិ។