បាល់ទាត់៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសរៀបចំ ការប្រកួតកីឡាបាល់ទាត់ជ្រើសរើសជើងឯកកម្ពុជាលីគទី២ ឆ្នាំ២០២១ ហើយដោយគ្រោងនឹងចាប់ផ្ដើមការប្រកួតនាថ្ងៃទី២១ ខែវិច្ឆិកាខាងមុខ។ យោងតាមសេចក្ដីជូនដំណឹងកាលពីចុងសប្ដាហ៍កន្លងទៅ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចាប់ផ្ដើមទទួលពាក្យក្រុមចូលរួមហើយ ដោយការចុះឈ្មោះគ្រោងនឹងបញ្ចប់នាថ្ងៃទី១០ ខែវិច្ឆិកាមុនការប្រកួតជាង ១សប្ដាហ៍។
ក្នុងការប្រកាសរៀបចំការប្រកួតលីគទី២ នេះត្រូវបានសហព័ន្ធអះអាងថា ស្របជាមួយការអនុវត្តផែនការអភិវឌ្ឍន៍កីឡាបាល់ទាត់ឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។ ដូច្នេះសហព័ន្ធបានអំពាវនាវដល់មន្ទីរអប់រំ យុវជន និងកីឡា និងសមាគម/ក្លិបរួសរាន់ចុះឈ្មោះចូលរួមដោយបំពេញលក្ខខណ្ឌយ៉ាងហោច ១៤ចំណុច។ សូមបញ្ជាក់ថា កាលពីឆ្នាំ២០២០ កន្លងទៅលីគទី២ កម្ពុជាមានបេក្ខភាពចូលរួម ១០ក្រុមរួមមានក្រុមកោះកុងអែហ្វស៊ី, ISI ដង្កោសែនជ័យ, ខេត្តព្រៃវែង, សៀមរាបអែហ្វស៊ី, ក្លិបបាល់ទាត់ឬទ្ធីសែន, មន្ទីរអប់រំយុវជន និងកីឡាខេត្តស្វាយរៀង, មន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ស្ពឺ, មន្ទីរអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំ, U21 ភ្នំពេញក្រោន និងក្រុម U21 កងយោធពលខេមរភូមិន្ទ មុនខេត្តព្រៃវែងដណ្ដើមបានជើងឯក និងឡើងមកលេងលីគកំពូលកម្ពុជាឆ្នាំ២០២១ នេះ៕
អត្ថបទ៖ លី ឈុនឡា