ប្រទេសម៉ាឡេស៊ីកំពុងត្រៀមខ្លួន សម្រាប់ការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ ក្រោយឆ្នាំ២០៣៥ ខណៈដែលប្រទេសនេះ ជួបការលំបាក ក្នុងការសម្រេចបាននូវថាមពលកកើតឡើងវិញ និងគោលដៅសូន្យកាបូន ឬអព្យាក្រឹតកាបូន ។
សារព័ត៌មាន Straits Times (ST) បានដឹងថា គណៈរដ្ឋមន្ត្រីម៉ាឡេស៊ី បន្ទាប់ពីមាននូវពិភាក្សា កាលពីចុងខែវិច្ឆិកា អំពីផែនទីបង្ហាញផ្លូវនុយក្លេអ៊ែរ ដែលស្នើឡើងដោយក្រុមប្រឹក្សាថាមពលជាតិ (MTN) បានសម្រេចថា នុយក្លេអ៊ែរ គឺជា «ជម្រើសមួយ ក្នុងចំណោមជម្រើសនៃការផលិតថាមពលអគ្គិសនី» ក្រោយឆ្នាំ២០៣៥។

ឯកសាររបស់ MTN ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី លោក Anwar Ibrahim ដោយមានរដ្ឋមន្ត្រីមួយចំនួនទៀតជាសមាជិក ត្រូវបានរៀបចំឡើង បន្ទាប់ពីគណៈរដ្ឋមន្ត្រីបានស្នើសុំ នៅក្នុងខែមេសា ឆ្នាំ២០២៤។
មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ម្នាក់ បានប្រាប់សារព័ត៌មាន ST ថា៖ «នាយករដ្ឋមន្ត្រីខ្លួនឯង បាន និងកំពុងចង់ពន្លឿនដំណើរការនេះ»។ មន្ត្រីរូបនេះបានបន្ថែមថា វិធានការសំខាន់ៗដែលកំណត់ដោយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) នឹងចំណាយពេលប្រហែល ១ទសវត្សរ៍ ដើម្បីបញ្ចប់។
កាលពីដើមខែវិច្ឆិកា រដ្ឋមន្ត្រីមួយចំនួន បានបង្ហាញថា ម៉ាឡេស៊ីកំពុងពិចារណាលើការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ។ ចាប់តាំងពីពេលនោះមក ប្រភពជាច្រើនបានបញ្ជាក់ប្រាប់សារព័ត៌មាន ST ថា MyPOWER ជាទីភ្នាក់ងារនៅក្រោមក្រសួងផ្លាស់ប្តូរថាមពល និងផ្លាស់ប្តូរទឹក (Petra) ដែលទទួលភារកិច្ចរៀបចំកំណែទម្រង់ សម្រាប់វិស័យថាមពល ត្រូវបានចាត់តាំងជាអង្គការអនុវត្តកម្មវិធីថាមពលនុយក្លេអ៊ែររបស់ប្រទេសម៉ាឡេស៊ី (Nepio)។
Nepio កំពុងទទួលខុសត្រូវសម្របសម្រួលការងារដែលត្រូវការ ដើម្បីនៅទីបំផុតដាក់ឲ្យដំណើរការរោងចក្រថាមពលនុយក្លេអ៊ែរក្រោមក្របខណ្ឌ IAEA៕
