បង្អួច បានរាយប៉ាយនៅតាមស្ថានទូតរងការខូចខាតរបស់អាល់បានី អាហ្សង់ទីន ប៉ាឡេស្ទីន ម៉ាសេដូនីខាងជើង ម៉ុនតេណេហ្គ្រូ និងព័រទុយហ្គាល់ ដោយសារការវាយប្រហារមីស៊ីលរបស់រុស្ស៊ីលើទីក្រុងគីវ ប្រទេសអ៊ុយក្រែន នាថ្ងៃសុក្រនេះ ។
លោក Heorhii Tykhyi គឺជាអ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន និយាយនៅក្នុងសន្និសីទសារព័ត៌មានថា ស្ថានទូតទាំងអស់នេះ ស្ថិតនៅក្នុងអគារតែមួយ ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហាររបស់រុស្ស៊ី ។
លោក Serhiy Popko គឺជាប្រធានរដ្ឋបាលយោធាទីក្រុងគីវ និយាយថា អ្នកស្រុករស់នៅក្នុងមជ្ឈមណ្ឌលទីក្រុង បានឮសំលេងផ្ទុះដ៏ខ្លាំងមួយ ហើយអគ្គិភ័យ បានឆាបឆេះឡើងនៅតាមអគារជាច្រើន នៃស្ថានទូត ។
លោក Popko បន្តថា កងកម្លាំងរុស្ស៊ី ដែលបើកការវាយលុកទ្រង់ទ្រាយពេញលេញរបស់ពួកគេលើអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ ២០២២កន្លងទៅ បានប្រើប្រាស់មីស៊ីល ៨គ្រាប់នៅក្នុងការវាយប្រហារនេះ រួមទាំងមីស៊ីលល្បឿនលឿនជាងសំឡេង Kinzhal និងមីស៊ីលបាលីស្ទិក Iskander/KN-23 ៕