ភ្នំពេញ ៖ កម្ពុជា នាំចេញកសិផលបានជាង ៦,៣លានតោន ទៅកាន់៦៨ប្រទេស ដែលមានតម្លៃជាង ៤ពាន់លានដុល្លារ នារយៈពេល១០ខែ ឆ្នាំ២០២១នេះ កើនឡើង ៨៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។
របាយការណ៍របស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១ កម្ពុជានាំចេញកសិផលបានចំនួន ៦,៣លានតោន ទៅ៦៨ប្រទេស។ ឯកឧត្តម មន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ថា កសិផលសរុបដែលនាំចេញ គឺមានតម្លៃប្រមាណ៤ពាន់លានដុល្លារអាម៉េរិក។
យោងតាមរបាយការណ៍ដដែល ក្នុងចំណោមចំណូល ជាង៤ពាន់លានដុល្លារនេះ គឺមាន ៣៩២,៩ លានដុល្លារ បានពីការនាំចេញអង្ករ, ៤៦៥,៤ លានដុល្លារ បានពីការនាំចេញស្រូវ។ ចំណែកទឹកប្រាក់ ៣៧៩,៣លានដុល្លារ ទៀតបានពីការនាំចេញកៅស៊ូ ខណៈការនាំចេញកសិផលផ្សេងៗមានជាង ២ ៨០០ លានដុល្លារ។
ប្រទេសគោលដៅដែលនាំចូលកសិផលពីកម្ពុជា មានវៀតណាម, ថៃ, ចិន, សហភាពអឺរ៉ុប, តំបន់អាស៊ាន, អ៊ីតាលី, ហូឡង់, ឥណ្ឌា, ជប៉ុន សាធារណរដ្ឋកូរ៉េ, អារ៉ាប់, បង់ក្លាដែស, ស្វីស និងប្រទេសតូហ្គោជាដើម។
ចំណែកការនាំចេញអង្ករ ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល១០ខែ ឆ្នាំនេះ មានចំនួន ៤៦០ ១៦៩ តោន មានការថយចុះចំនួន -១៤,២០% ។ ការថយចុះត្រូវបាន ឯកឧត្តម វេង សាខុន ពន្យល់ថា ដោយសារ តម្លៃនៃការដឹកជញ្ជូនទៅកាន់គោលដៅមានការកើនឡើងទ្វេដង និងជួបប្រទះបញ្ហានឹងកង្វះទូរកុងតឺន័រ ទំហំ២០ហ្វិត សម្រាប់ផ្ទុកអង្ករ នាំចេញ។
ក្នុងនោះ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៣២៧ ០៣២ តោន ស្មើនឹង ៧១,០៧% អង្ករស គ្រប់ប្រភេទមានចំនួន ១២៤ ៧១៤ តោន ស្មើនឹង ២៧,១០% និងអង្ករចំហុយមានចំនួន ៨ ៤២៣ តោន ស្មើនឹង ១,៨៣% ៕
អត្ថបទ ៖ វណ្ណៈ
