នគរបាលបាននិយាយកាលពីថ្ងៃអាទិត្យ ២២ ធ្នូ ថា បុរសម្នាក់ដែលសង្ស័យថាបានបើករថយន្តបំបុកចូលហ្វូងមនុស្សនៅឯផ្សារបុណ្យណូអែលរបស់ប្រទេសអាល្លឺម៉ង់ក្នុងការវាយប្រហារដែលបានសម្លាប់មនុស្ស ៥ នាក់ និងរបួសជាច្រើននាក់ប្រឈមការចោទប្រកាន់ជាច្រើនករណីពីបទមនុស្សឃាត និងប៉ុនប៉ងមនុស្សឃាត។

រដ្ឋាភិបាលអាល្លឺម៉ង់ បានប្ដេជ្ញាកាលពីថ្ងៃអាទិត្យស៊ើបអង្កេតឱ្យបានពេញលេញថាតើមានការធ្វេសប្រហែសផ្នែកសន្តិសុខមុនពេលការវាយប្រហារដោយរថយន្តនៅផ្សារណូអែល ដែលបានសម្លាប់មនុស្ស៥នាក់ និងជាង២០០នាក់រងរបួស ឬយ៉ាងណា។

ការវាយប្រហារកាលពីល្ងាចថ្ងៃសុក្រសប្ដាហ៍មុននៅកណ្តាលទីក្រុងម៉ែកដេប៊ើក (Magdeburg) បានធ្វើឱ្យប្រទេសនេះភ្ញាក់ផ្អើល និងជំរុញឱ្យមានភាពតានតឹងជុំវិញបញ្ហាអន្តោប្រវេសន៍។
ជនសង្ស័យដែលត្រូវបានឃុំខ្លួននោះ គឺជាគ្រូពេទ្យផ្នែកវិកលចរិកអាយុ ៥០ ឆ្នាំ ឈ្មោះ តាឡេប អាល់ អាប់ឌុលម៉ូសិន (Taleb al-Abdulmohsen) មកពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត មានប្រវត្តិនៃវោហាសាស្ត្រប្រឆាំងអ៊ីស្លាម ដែលបានរស់នៅក្នុងប្រទេសអាល្លឺម៉ង់អស់រយៈពេលជិតពីរទសវត្សរ៍មកហើយចំណែកមូលហេតុនៃការវាយប្រហារនេះនៅមិនទាន់ច្បាស់នៅឡើយទេ។

នគរបាលបាននិយាយថា មានការប៉ះទង្គិចគ្នា និងការរំខានតិចតួចមួយចំនួននៅឯបាតុកម្មដឹកនាំដោយក្រុមស្តាំនិយមជ្រុលដែលមានការចូលរួមពីមនុស្សប្រហែល ២.១០០នាក់កាលពីយប់ថ្ងៃសៅរ៍នៅទីក្រុងម៉ែកដេប៊ើក។ ពួកគេបានបន្ថែមថា នីតិវិធីព្រហ្មទណ្ឌនឹងត្រូវអនុវត្តន៍ ប៉ុន្តែពុំបានផ្តល់ព័ត៌មានលម្អិតទេ៕