រដ្ឋាភិបាលចិន បានតវ៉ាកាលពីថ្ងៃអាទិត្យចំពោះការប្រកាសចុងក្រោយរបស់អាមេរិកអំពីការលក់និងជំនួយយោធាទៅឲ្យកោះតៃវ៉ាន់ ដោយព្រមានសហរដ្ឋអាមេរិកថាកំពុងប្រលែងលេងជាមួយភ្លើង។

ប្រធានាធិបតីអាមេរិកលោក Joe Biden បានអនុញ្ញាតកាលពីថ្ងៃសៅរ៍ ផ្តល់កញ្ចប់ថវិការហូតដល់ ៥៧១លានដុល្លារជាសម្ភារៈ និងសេវាកម្មការពារជាតិ និងក្នុងការអប់រំ បណ្តុះបណ្តាលយោធាសម្រាប់តៃវ៉ាន់ ដែលទីក្រុងប៉េកាំងអះអាងថាជាទឹកដីរបស់ខ្លួន ហើយនិយាយថាត្រូវតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។

ដោយឡែក អាជ្ញាធរការពារជាតិកោះនេះ បាននិយាយកាលពីថ្ងៃសុក្រថា ការលក់គ្រឿងយុទ្ធោបករណ៍ ក្នុងទំហំទឹកប្រាក់២៩៥លានដុល្លារត្រូវបានអនុម័ត។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិនបានជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការបំពាក់បំប៉នអាវុធដល់កោះតៃវ៉ាន់ទៀត និងបញ្ឈប់នូវអ្វីដែលខ្លួនហៅថាសកម្មភាពដ៏គ្រោះថ្នាក់ដែលបំផ្លាញសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។
ការលក់ និងជំនួយយោធារបស់សហរដ្ឋអាមេរិក មានគោលបំណងជួយតៃវ៉ាន់ការពារខ្លួន និងរារាំងប្រទេសចិនមិនឲ្យបើកការវាយប្រហារណាមួយ។

គួររម្លឹកថា លោកប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកDonald Trump ធ្លាប់បាននិយាយថា លោកនឹងមិនប្តេជ្ញាការពារកោះតៃវ៉ាន់ឡើយ ក្នុងករណីប្រទេសចិនវាយក្រសោប ក្នុងអំឡុងពេលលោកកាន់តំណែងជាប្រធានាធិបតី៕