សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំសិស្សនិស្សិតទាំងអស់ ឱ្យ សិក្សាចាប់យកជំនាញវិជ្ជាជីវៈអ្វីមួយឱ្យចប់ច្បាស់លាស់ កុំឱ្យច្របូកប្របល់គ្នា ដែលការរៀនបែបនេះ មិនអាចយកមកប្រើការបានទេ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៅព្រឹកថ្ងៃទី២៣ ខែធ្នូនេះ បានមានប្រសាសន៍ណែនាំដល់សិស្សនិស្សិតថា រៀនមុខជំនាញអ្វីមួយ ត្រូវតាំងចិត្តខិតខំរៀនឱ្យបានច្បាស់ ព្រោះថា ជំនាញណាក៏មានប្រយោជន៍ដែរឱ្យតែចេះច្បាស់លាស់ ។ គឺខ្លួនឯងដែលធ្វើឱ្យសញ្ញាបត្រល្អ មិនមែនសញ្ញាបត្រធ្វើឱ្យខ្លួនល្អនោះទេ ។
សម្ដេចធិបតី បានបញ្ជាក់បន្ថែមថា សិស្សដែលប្រឡងជាប់និទ្ទេសA គឺបង្ហាញថា ជាសិស្សដែល បានខិតខំរៀនសូត្រនូវមុខវិជ្ជាសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា បានច្បាស់លាស់ពិតប្រាកដ។
សម្ដេចធិបតី បានលើកឡើងថា នៅតាមក្រសួងស្ថាប័នទាំងរដ្ឋ និងវិស័យឯកជន នៅពេលគេត្រូវការជ្រើស បុគ្គលិកធ្វើការងារ គេត្រូវការមនុស្សមានសមត្ថភាពពិតប្រាកដ គេមិនដែលត្រូវការអ្នកគ្មានសមត្ថភាពនោះទេ៕អត្ថបទ៖ នីតា









