សារព័ត៌មាន Financial Times បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ក្រុមអន្តរកាលរបស់លោក Donald Trump កំពុងជំរុញឱ្យដកសហរដ្ឋអាមេរិក ចេញពីអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃដំបូងនៃរដ្ឋបាលថ្មី នេះបើយោងតាមអ្នកជំនាញ ដែលព្រមានពីផលប៉ះពាល់ដ៏ «មហន្តរាយ» ខណៈ វានឹងកើតមានលើសុខភាពសកល។

សារព័ត៌មាននេះ និយាយថា សមាជិកនៃក្រុមរបស់លោក Trump បានប្រាប់ក្រុមអ្នកជំនាញ អំពីបំណងរបស់ពួកគេក្នុងការប្រកាសដកខ្លួនចេញពីស្ថាប័នសុខភាពពិភពលោក នៅពេលឡើងកាន់តំណែងនៅថ្ងៃទី២០ ខែមករា របស់ប្រធានាធិបតីជាប់ឆ្នោត ដោយកត់សម្គាល់ថា ការចាកចេញនេះនឹងដកប្រភពមូលនិធិច្រើនបំផុតរបស់អង្គការសុខភាពពិភពលោក(WHO) ដែលនឹងប៉ះពាល់ខ្លាំងដល់សមត្ថភាពឆ្លើយតបចំពោះវិបត្តិសុខភាពសាធារណៈ ដូចជាជំងឺរាតត្បាតកូវីដ-១៩ ជាដើម។

សារព័ត៌មាន Financial Times បានដកស្រង់សម្តីលោក Lawrence Gostin សាស្ត្រាចារ្យផ្នែកសុខភាពសកល ដែលបាននិយាយថា ផែនការរបស់សហរដ្ឋអាមេរិកក្នុងការដកខ្លួន នឹងក្លាយជា «មហន្តរាយ» សម្រាប់សុខភាពសកល។ លោក Gostin និយាយថានឹងមានការលំបាកច្រើនឆ្នាំ សម្រាប់ អង្គការសុខភាពពិភពលោក ដែលខ្លួននឹងត្រូវព្យាយាមទប់ទល់ដើម្បីឆ្លើយតបទៅនឹងគ្រាអាសន្នសុខភាព ហើយនឹងត្រូវកាត់បន្ថយបុគ្គលិកវិទ្យាសាស្ត្ររបស់ខ្លួនយ៉ាងច្រើន។