ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃអាទិត្យ បាននិយាយថា លោកអាចអនុញ្ញាតឱ្យក្រុមហ៊ុន TikTok បន្តប្រតិបត្តិការនៅក្នុងសហរដ្ឋអាមេរិក។

នៅក្នុងព្រឹត្តិការណ៍មួយ រៀបចំឡើងដោយអង្គការអភិរក្សនិយម Turning Point USA នៅទីក្រុង Phoenix រដ្ឋអារីហ្សូណា លោក Trump បាននិយាយថា កម្មវិធីចែករំលែកវីដេអូដ៏ពេញនិយមនេះប្រហែលជាបានជួយឲ្យបានទៅដល់អ្នកបោះឆ្នោតសំខាន់ៗមួយចំនួននៅក្នុងការបោះឆ្នោតប្រធានាធិបតី ហើយបានបង្ហាញពីលទ្ធភាពនៃការរក្សាទុកក្រុមហ៊ុន TikTok ឲ្យនៅដំណើរការមួយរយៈពេល។
ប្រធានាធិបតីជាប់ឆ្នោតរូបនេះ បាននិយាយថា «យើងពិតជានឹងឲ្យក្រុមហ៊ុនTikTok នៅបន្ត ហើយយើងមានការឆ្លើយតបដ៏ប្រសើរបំផុត។ យើងមានអ្នកចូលមើលរាប់ពាន់លាននាក់ ហើយលោកត្រូវបានគេបង្ហាញពីតារាងមួយ ពីការចូលមើលយុទ្ធនាការរបស់លោក ដែលទទួលបាននៅលើកម្មវិធី។
កាលពីសប្តាហ៍មុន តុលាការកំពូលរបស់សហរដ្ឋអាមេរិក បានព្រមព្រៀងពិនិត្យឡើងវិញនូវសំណើរបស់ក្រុមហ៊ុន TikTok និងក្រុមហ៊ុនមេរបស់ប្ររទេសចិនគឺក្រុមហ៊ុន ByteDance ដើម្បីរារាំងច្បាប់ដែលតម្រូវឱ្យលក់កម្មវិធីចែករំលែកវីដេអូដ៏ពេញនិយមនេះនៅត្រឹមថ្ងៃទី១៩ ខែមករា បើមិនដូច្នេះទេនឹងប្រឈមការហាមឃាត់ផ្អែកលើមូលដ្ឋានសន្តិសុខជាតិ។
តុលាការកំពូលរបស់ប្រទេស គ្រោងនឹងបើកសវនាការលើទឡ្ហីករណ៍នៅថ្ងៃទី១០ ខែមករា ទាក់ទងទៅនឹង ថាតើច្បាប់នេះរឹតត្បិតសេរីភាពនៃការបញ្ចេញមតិមិនត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ ឬរំលោកលើវិសោធនកម្មលើកទី១ ឬយ៉ាងណា។
សេចក្តីសម្រេចរបស់តុលាការ ត្រូវបានចេញរយៈពេលពីរថ្ងៃបន្ទាប់ពីការដាក់ញត្តិរបស់ក្រុមហ៊ុន TikTok សម្រាប់សេចក្តីបង្គាប់ប្រឆាំងនឹងច្បាប់។ ក្រុមហ៊ុន TikTok បានអះអាងថា បម្រាមដ៏មានសក្ដានុពលនេះ នឹងបិទវេទិកាបញ្ចេញមតិដ៏ពេញនិយមបំផុតមួយនៅសហរដ្ឋអាមេរិក នៅមុនថ្ងៃឡើងកាន់តំណែងប្រធានាធិបតី ហើយនឹងធ្វើឲ្យស្ងប់ស្ងាត់ការបញ្ចេញមតិរបស់បេក្ខជន និងប្រជាជនអាមេរិកជាច្រើននាក់ដែលប្រើប្រាស់វេទិកានេះ ដើម្បីទាក់ទងអំពីបញ្ហានយោបាយ ពាណិជ្ជកម្ម សិល្បៈ និងបញ្ហាផ្សេងៗទៀតនៃការព្រួយបារម្ភសាធារណៈ។