ប្រធានាធិបតីកូរ៉េខាងត្បូវដែលកំពុងជួបបញ្ហា គឺលោក Yoon Suk Yeol បានឆ្លើយតបនឹងករណីផ្លូវច្បាប់ផ្ទាល់ខ្លួនរបស់លោក ដោយការប្ដឹងតបទៅមេដឹកនាំបក្សប្រឆាំង លោក Lee Jae-myung វិញ ខណៈដែលគិតត្រឹមថ្ងៃចន្ទ (ទី២៣ ខែធ្នូ) នៅតែបដិសេធមិនទទួលយកឯកសារពីតុលាការធម្មនុញ្ញទាក់ទងនឹងការកាត់ក្តីចោទប្រកាន់លើរូបលោក ជាការឆ្លើយតបដែលតុលាការ ត្រូវបានគេរំពឹងថា នឹងចេញសេចក្តីថ្លែងការណ៍ផ្លូវការ នៅថ្ងៃកំណត់ទី២៣ ខែធ្នូនេះ។

កាលពីល្ងាចថ្ងៃអាទិត្យ (ទី២២ ខែធ្នូ) មេធាវីរបស់លោក Yoon គឺលោក Seok Dong-hyun បាននិយាយថា លោកនឹងដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌជំនួសលោក Yoon ប្រឆាំងនឹងលោក Lee Jae-myung ដែលជាប្រធានគណបក្សប្រឆាំងដ៏ធំរបស់ប្រទេសកូរ៉េខាងត្បូង គឺគណបក្សប្រជាធិបតេយ្យ ដោយចោទប្រកាន់រូបលោកពីបទក្លែងបន្លំ បន្ទាប់ពីបានចោទកូនក្តីរបស់លោកពីបទបះបោរ និងញុះញង់។
គួរបញ្ជាក់ថា លោកប្រធានាធិបតី Yoon កំពុងត្រូវបានស៊ើបអង្កេត ជុំវិញការចោទប្រកាន់ពីបទបះបោរ និងរំលោភអំណាច ពាក់ព័ន្ធនឹងការប្រកាសច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូ ហើយក៏មានទាក់ទងនឹងករណីដែលលោកត្រូវបានចោទប្រកាន់ពីបទបញ្ជាឲ្យចាប់ខ្លួនសមាជិកសភា និងមន្ត្រីនៃគណៈកម្មការជាតិរៀបចំការបោះឆ្នោតផងដែរ។
លោកមេធាវី Seok បានសរសេរនៅលើទំព័រ Facebook របស់លោកថា៖ «វាមិនទាន់ច្បាស់ទេថា សមាជិកក្រុមប្រឹក្សាជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យរូបណា ជាអ្នកដឹកនាំ (ការប្តឹងចោទប្រកាន់ពីបទបះបោរប្រឆាំងនឹងលោក Yoon) ដូច្នេះខ្ញុំនឹងបញ្ជូនឯកសារប្ដឹងលោក Lee ទៅការិយាល័យស៊ើបអង្កេតជាតិរបស់នគរបាលនៅថ្ងៃស្អែក»។
លោក Seok បានអះអាងម្តងហើយម្តងទៀតថា កូនក្តីរបស់លោកគ្មានកំហុសទេ ចំពោះការចោទប្រកាន់ពីបទបះបោរ។ ជាមួយគ្នានេះ លោកបានបន្ថែមថា លោក Yoon មិនដែលមានគម្រោងចាប់ខ្លួនអ្នកណាម្នាក់ឡើយ អំឡុងពេលមានច្បាប់អាជ្ញាសឹករបស់លោកដែលមានរយៈពេលត្រឹមតែ ៦ម៉ោង នៅយប់ថ្ងៃទី៣ ដល់ទី៤ ខែធ្នូ៕