អតិផរណា បានធ្លាក់ចុះនៅក្នុងសេដ្ឋកិច្ចដោយភាគច្រើន នៅជុំវិញពិភពលោកក្នុងឆ្នាំ២០២៤ តែអ្នកបោះឆ្នោតមិនចាប់អារម្មណ៍នោះឡើយ។ ដោយមានការខឹងសម្បា ចំពោះការឡើងថ្លៃខ្ពស់ឡើងៗ សម្រាប់អ្វីៗគ្រប់យ៉ាង ចាប់ពីស៊ុតរហូតដល់ថាមពល ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពួកគេបានដាក់ទណ្ឌកម្មដល់បណ្ដាគណបក្សកាន់អំណាចស្ទើរតែគ្រប់ឱកាសទាំងអស់។ កំហឹងចំពោះអតិផរណា នៅតែបន្តមាន ហើយគណបក្សកាន់អំណាច ត្រូវបានស្ដីបន្ទោស ទាំងនៅពេលបោះឆ្នោត និងក្រោយបោះឆ្នោត។

នៅសហរដ្ឋអាមេរិក ការចំណាយខ្ពស់ជាងមុន បានជួយឲ្យលោក Donald Trump ឈ្នះអាណត្តិទី២ ជាប្រធានាធិបតីរយៈពេល ៤ឆ្នាំ។ អារម្មណ៍ប្រឆាំងអ្នកកាន់អំណាចដែលជំរុញដោយអតិផរណា ក៏បាននាំឲ្យមានរដ្ឋាភិបាលថ្មីផងដែរ នៅចក្រភពអង់គ្លេស បូតស្វាណា ព័រទុយហ្គាល់ និងប៉ាណាម៉ា។

អ្នកបោះឆ្នោតកូរ៉េខាងត្បូងបានផ្ដល់អំណាចឲ្យគណបក្សប្រឆាំងនៅក្នុងសភា ជាការវាយតម្លៃ ចំពោះប្រធានាធិបតី លោក Yoon Suk Yeol។ នៅដើមខែធ្នូនេះ លោកប្រធានាធិបតី បានចេញច្បាប់អាជ្ញាសឹក ជាវិធានការមួយ ដែលរដ្ឋសភាបានច្រានចោលយ៉ាងឆាប់រហ័ស។ ការបោះឆ្នោត ក៏បានបង្កជាភាពរង្គោះរង្គើផងដែរ នៅបារាំង អាល្លឺម៉ង់ ជប៉ុន និងឥណ្ឌា។

តែយ៉ាងណាក្ដី កន្លែងមួយដែលមិនមានការផ្លាស់ប្តូរ នោះគឺរុស្ស៊ី ជាកន្លែងដែលលោក Vladimir Putin ជាប់ឆ្នោតជាប្រធានាធិបតីជាថ្មី ដោយទទួលបានសំឡេងគាំទ្រ ៨៨ភាគរយ ដែលជាកំណត់ត្រាមួយនៅក្រោយសម័យសហភាពសូវៀត។ ទីក្រុងមូស្គូបានបន្តសង្រ្គាមរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន ដោយដណ្ដើមបានដែនដីគួរឲ្យកត់សម្គាល់។ សំណួរដ៏ធំគឺថា តើការវិលត្រឡប់របស់លោក Trump ទៅកាន់សេតវិមានមានផលប៉ះពាល់អ្វីខ្លះ ចំពោះជម្លោះនេះ។ មនុស្សជាច្រើន ទាំងនៅក្នុងប្រទេសអ៊ុយក្រែន និងកន្លែងផ្សេងទៀត ក្នុងទ្វីបអឺរ៉ុប មានការភ័យខ្លាចថា នឹងចំណេញដល់លោក Putin និងធ្វើស្ថានភាពបច្ចុប្បន្នបន្តមានដដែល។

នៅតំបន់មជ្ឈិមបូព៌ា អ៊ីស្រាអែលបានបន្តសង្រ្គាមប្រឆាំងនឹងតំបន់ហ្កាហ្សា ហើយបានពង្រីកការវាយប្រហាររបស់ខ្លួនទៅប្រទេសលីបង់ ជាកន្លែងដែលប្រទេសនេះបានធ្វើឲ្យក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់រងការខាតបង់ និងមានភាពច្របូកច្របល់។ នៅប្រទេសស៊ីរី ការប្រមូលផ្តុំក្រុមឧទ្ទាមដែលមានការសម្របសម្រួលយ៉ាងល្អ បានផ្តួលរំលំរបបរបស់លោក Bashar al-Assad ហើយឥឡូវនេះ កំពុងស្វែងរកការគ្រប់គ្រងប្រទេស៕