មន្ត្រីសន្តិសុខប៉ាឡេស្ទីនម្នាក់ ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាមួយខ្មាន់កាំភ្លើងប៉ាឡេស្ទីន នៅក្នុងជំរំជនភៀសខ្លួន Jenin ភាគខាងជើងតំបន់វេសបែង (West Bank)កាលពីថ្ងៃអាទិត្យ ខណៈដែលកងកម្លាំងសន្តិសុខប៉ាឡេស្ទីន បានចាប់ផ្តើមប្រតិបត្តិការទ្រង់ទ្រាយធំមួយ ដើម្បីគ្រប់គ្រងជំរំនេះ ឡើងវិញ។
លោក Anwar Rajab អ្នកនាំពាក្យកងកម្លាំងសន្តិសុខប៉ាឡេស្ទីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មន្រ្តីដែលត្រូវបានសម្លាប់នោះ ត្រូវបានកំណត់អត្តសញ្ញាណថា Saher Arheel ត្រូវបានក្រុមប្រដាប់អាវុធបាញ់សម្លាប់ ខណៈពេលដែល កំពុងបំពេញភារកិច្ចរបស់ខ្លួន។
លោកបានបន្ថែមថា៖«ឧក្រិដ្ឋកម្មដ៏សាហាវ»នេះ នឹងមិនរារាំងសេវាកម្មសន្តិសុខពីការបន្តកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ក្នុងការស្វែងរកឧក្រិដ្ឋជន និងរក្សាសន្តិសុខ និងស្ថិរភាពនោះទេ។
កងកម្លាំងសន្តិសុខប៉ាឡេស្ទីន បានចាប់ផ្តើមយុទ្ធនាការសន្តិសុខទ្រង់ទ្រាយធំ នៅក្នុងជំរំ Jenin ចាប់តាំងពីពាក់កណ្តាលខែធ្នូ ដើម្បីបង្ក្រាបអ្នកល្មើសច្បាប់ ដើម្បីធានាសន្តិសុខសាធារណៈ។