ការបង្រ្កាបទោលើអាពាហ៍ពិពាហ៍កុមារខុសច្បាប់ នៅភាគឦសាននៃប្រទេសឥណ្ឌា បានបណ្តាលឲ្យមានការចាប់ខ្លួនមនុស្សជិត ៥.០០០នាក់ បន្ទាប់ពីមនុស្សចំនួន ៤១៦នាក់ ត្រូវបានឃុំខ្លួន នៅក្នុងការបោសសម្អាតចុងក្រោយរបស់នគរបាល។
លោក Himanta Biswa Sarma រដ្ឋមន្ត្រីប្រចាំរដ្ឋ Assam បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«យើងនឹងបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីបញ្ចប់អំពើអាក្រក់ នៅក្នុងសង្គមនេះ»។
លោកបានបន្ថែមថា៖«រដ្ឋ Assam បន្តការប្រយុទ្ធប្រឆាំងនឹងអាពាហ៍ពិពាហ៍កុមារ» ដោយបានបន្ថែមថា ការវាយឆ្មក់ ត្រូវបានធ្វើឡើងពេញមួយយប់ ហើយអ្នកដែលត្រូវបានចាប់ខ្លួន ត្រូវបានបញ្ជូនទៅតុលា ការ កាលពីថ្ងៃអាទិត្យ។
យោងតាមអង្គការសហប្រជាជាតិ បានឲ្យដឹងថា ប្រទេសឥណ្ឌា គឺមានកូនក្រមុំជាកុមារជាង ២២០លាននាក់ ប៉ុន្តែចំនួនអាពាហ៍ពិពាហ៍កុមារ បានធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងសតវត្សរ៍នេះ។
រដ្ឋ Assam បានចាប់ខ្លួនមនុស្សរាប់ពាន់នាក់រួចហើយ នៅក្នុងកិច្ចប្រឹងប្រែងការលុបបំបាត់មុន ដែលបានចាប់ផ្តើម នៅក្នុងខែកុម្ភៈឆ្នាំ ២០២៣ រួមទាំងឪពុកម្តាយរបស់គូស្វាមីភរិយា ដែលបានរៀបការ និងអ្នកចុះឈ្មោះ ដែលបានចុះហត្ថលេខាលើការរៀបអាពាហ៍ពិពាហ៍មិនទាន់គ្រប់អាយុ។
លោក Sarma បានធ្វើយុទ្ធនាការនៅលើវេទិកាមួយនៃការបញ្ឈប់អាពាហ៍ពិពាហ៍កុមារទាំងស្រុង នៅក្នុងរដ្ឋរបស់ខ្លួន ត្រឹមឆ្នាំ ២០២៦។
អាយុរៀបអាពាហ៍ពិពាហ៍ស្របច្បាប់ នៅក្នុងប្រទេសឥណ្ឌាគឺ ១៨ឆ្នាំ ប៉ុន្តែកុមាររាប់លាននាក់ ត្រូវបានបង្ខំឲ្យរៀបការ នៅពេលពួកគេ នៅក្មេង ជាពិសេស នៅតាមតំបន់ជនបទក្រីក្រ។