យោធាកូរ៉េខាងត្បូង នៅថ្ងៃចន្ទ (ទី២៣ ខែធ្នូ) នេះ បានប្រាប់ឲ្យដឹងថា ខ្លួនបានរកឃើញពីភស្តុតាង ដែលបង្ហាញថា កូរ៉េខាងជើងត្រៀមបញ្ជូនទាហាន និងសព្វាវុធបន្ថែមទៀត ក្នុងនោះរួមទាំងយានដ្រូនផងដែរ ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីគាំទ្រសង្គ្រាមរបស់ប្រទេសនេះប្រឆាំងនឹងអ៊ុយក្រែន។
យោងតាមនាយអគ្គសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូល (JCS) បានឲ្យដឹងថា កូរ៉េខាងជើងបានផ្តល់ជើងទម្របាញ់គ្រាប់រ៉ូកែតទំហំ ២៤០មីល្លីម៉ែត្រ និងកាំភ្លើងធំផ្លាស់ទីដោយខ្លួនឯងទំហំ ១៧០មីល្លីម៉ែត្ររួចហើយ ហើយត្រូវបានគេមើលឃើញថា កំពុងរៀបចំផលិតយានដ្រូនអត្តឃាតបន្ថែមទៀត ដើម្បីបញ្ជូនទៅរុស្ស៊ី បន្ទាប់ពីមេដឹកនាំលោក គីម ជុងអ៊ុន (Kim Jong Un) បានដឹកនាំការធ្វើតេស្ត កាលពីខែមុន។
អមដោយការបន្ថែមថា កូរ៉េខាងជើងបានបង្ហាញពីចេតនារបស់ខ្លួន ក្នុងការប្រគល់គ្រឿងយុទ្ធោបករណ៍ទាំងនោះឲ្យទៅរុស្ស៊ី មន្ត្រី JCS បានប្រាប់ថា៖ «យានដ្រូនអត្តឃាត គឺជាកិច្ចការមួយ ដែលលោក គីម ជុងអ៊ុន បានផ្ដោតការយកចិត្តទុកដាក់»។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា យានដ្រូនបែបនេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ នៅក្នុងសង្គ្រាមអ៊ុយក្រែន ហើយលោក គីម បានបញ្ជាឲ្យផលិតអាវុធប្រល័យពីលើអាកាសនេះ និងបញ្ជាឲ្យធ្វើបច្ចុប្បន្នភាពទ្រឹស្តី និងការអប់រំយោធា ដោយលើកឡើងពីការប្រកួតប្រជែងជាសកលដែលមានកាន់តែខ្លាំងឡើងៗ។
គួរបញ្ជាក់ថា ទីក្រុងសេអ៊ូល វ៉ាស៊ីនតោន និងគីវ បានឲ្យដឹងថា មានទាហានកូរ៉េខាងជើងប្រហែល ១២.០០០នាក់ នៅក្នុងប្រទេសរុស្ស៊ី។ ហើយ JCS បានប្រាប់ថា យ៉ាងហោចណាស់ ១.១០០នាក់ ក្នុងចំណោមទាហានទាំងនោះ ត្រូវបានសម្លាប់ ឬរងរបួស ដោយស្របតាមការសង្ខេបកាលពីសប្តាហ៍មុនដោយទីភ្នាក់ងារចារកម្មរបស់ប្រទេសកូរ៉េខាងត្បូង ដែលបានរាយការណ៍ថា មានអ្នកស្លាប់ប្រហែល ១០០នាក់ និងរបួស ១.០០០នាក់ទៀត នៅក្នុងតំបន់ Kursk៕


