អ៊ីរ៉ង់បានបញ្ជាក់ពីការគាំទ្ររបស់ខ្លួនចំពោះអធិបតេយ្យភាពរបស់ស៊ីរី នៅថ្ងៃចន្ទនេះ ហើយបាននិយាយថាប្រទេសនេះ មិនគួរក្លាយជា «ជម្រកសម្រាប់អំពើភេរវកម្ម» ទេ បន្ទាប់ពីការដួលរលំរបស់ប្រធានាធិបតី បាសា អាល់អាសាដ (Bashar al-Assad) ដែលជាសម្ព័ន្ធមិត្តដ៏យូរលង់របស់ទីក្រុងតេអេរ៉ង់។
អ្នកនាំពាក្យក្រសួងការបរទេសលោក Esmaeil Baqaei បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា៖«គោលជំហរជាគោលការណ៍របស់យើងចំពោះស៊ីរី គឺច្បាស់ណាស់៖ ការរក្សាអធិបតេយ្យភាព និងបូរណភាពរបស់ប្រទេសស៊ីរី និងសម្រាប់ប្រជាជនស៊ីរី ក្នុងការសម្រេចចិត្តលើអនាគតរបស់ខ្លួន ដោយគ្មានការជ្រៀតជ្រែកពីបរទេស»។
លោកបានបន្ថែមថា ប្រទេសនេះ មិនគួរ «ក្លាយជាជម្រកសម្រាប់អំពើភេរវកម្ម»ទេ ដោយនិយាយថា លទ្ធផលបែបនេះ នឹងមាន «ផលប៉ះពាល់»សម្រាប់ប្រទេសក្នុងតំបន់។
លោក អាសាដ បានភៀសខ្លួនចេញពីប្រទេសស៊ីរី កាលពីដើមខែនេះ ខណៈដែលកងកម្លាំងឧទ្ទាមដឹកនាំដោយក្រុមឥ ស្លមនិកាយស៊ុននី Hayat Tahrir Al-Sham (HTS) បានចូលទៅក្នុង រដ្ឋធានីដាម៉ាស( Damascus) បន្ទាប់ពីការវាយលុកក្នុងរយៈពេលដ៏ខ្លី។

